(ប៉ៃលិន)៖ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនសប្បុរសជនទាំងក្នុងខេត្ត​ ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេសសូមបន្តចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែកដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា៖ «វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃ មិន អាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការលំបាក ដូច្នេះកាយវិការ ដ៏ប្រពៃនេះបានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប»។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការនយោបាយអ្វីឡើយ ជាពិសេសបានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុក្ខដាក់ចំពោះជីវភាពរស់នៅប្រជាពលរដ្ឋដោយមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះឡើយ។

សូមបញ្ជាក់ថា៖ «ផ្ទះបរិច្ចាគ» ដែលមានទីតាំងចំនួន៣ គឺទីតាំងទី១៖ នៅមុខសាលាខេត្ត, ទីតាំងទី២៖ នៅផ្សារព្រំ និងទីតាំងទី៣៖ នៅឃុំស្ទឹងត្រង់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងគោលបំណងទទួល និងផ្តល់សម្ភារៈ គ្រឿងឧបភោគ បរិភោគដល់ទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៕