(ស្វាយរៀង)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ នៅខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

ការងារស្ថាបនាផ្លូវទាំង ៣ខ្សែនោះរួមមាន៖ ផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងសរុប ១ ៥៤០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងការស្ថាបនាផ្លូវ ក្រាលបេតុងចំនួន១ខ្សែ ប្រវែង ៦០ម៉ែត្រ ទទឹង ៤ម៉ែត្រ ស្ថិតនៅឃុំកំពង់ចំឡង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៩ ៧០០ម៉ែត្រ ទទឹង ៧ម៉ែត្រ ភ្ជាប់ចំនួន៦ភូមិ នៅឃុំព្រែកអាជី ទៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ រួមជាមួយសំណង់សិល្បការ្យផ្សេងៗទៀត។

នាឱកាសនោះលោកបណ្ឌិត សៅ ជីវ័ន្ត បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវរបស់ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណនីហរ័ណ ដែលស្ថាបនាសម្រេចបានតាមផែនការរហូតដល់បញ្ចប់សុពលភាព, ព្រោះការស្ថាបនាការស្តារ និងការថែទាំផ្លូវ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការចាំបាច់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។

លោកបណ្ឌិត សៅ ជីវ័ន្ត បានបន្ថែមថា ផ្លូវនៅតាមជនបទ បាននឹងកំពុងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ការដឹកជញ្ជូនកសិកផល និងការសម្រួលដល់ការធ្វើដំណើរ​របស់សាធារណជនទូទៅផងដែរ។

នាឱកាសនោះដែរលោកបណ្ឌិត សៅ ជីវ័ន្ត និងគណៈកម្មាធិការអន្តរក្រសួង បន្ទាប់ពីចុះពិនិត្យផ្លូវ និងសំណង់សិល្បការ្យរួច បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋច្រើននាក់ នៅតំបន់ទាំងពីរខាងលើ ដោយនៅក្នុងពិធីនោះលោកបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ា ១ផងដែរ។

នៅក្នុងពិធីជួបសំណេះសំណាលនេះដែរ លោកបណ្ឌិត សៅ ជីវ័ន្ត ក៏បានសំណូមពរដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាំងអស់ជួយថែទាំផ្លូវ និងសំណង់សិល្បការ្យផ្សេងៗឲ្យបានល្អប្រសើរ ដើម្បីរក្សាឲ្យគង់វង្សយូរអង្វែង ព្រោះផ្លូវគឺជាសរសៃរឈាមយ៉ាងសំខាន់នៃសេដ្ឋកិច្ចជាតិផងដែរ៕