(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនជាតិចិន២នាក់ និងថ្នាំញៀនជាង ២០០គីឡូក្រាមនៅភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖២០នាទី កម្លាំងជំនាញដឹកនាំ និងសម្របសម្រួលដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល បានចុះស្រាវជ្រាវស៊ើបអង្កេត តាមដានមុខសញ្ញាស្ថិតនៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយក៏ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់មកកម្លាំងជំនាញ បន្តឃាត់ខ្លួនបានជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបតិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស ចំនួន ០២នាក់រួមមាន៖ ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ជនជាតិចិន អាយុ៤១ឆ្នាំ និងឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ និងចាប់យកសារធាតុញៀនប្រភេទកេតាមីន (Ketamine) សរុបចំនួន ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម)។ ចំណែកសម្ភារដែលចាប់យកបានផ្សេងទៀតរួមមាន៖ រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនល្មើសទាំង២នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាងទៅសាលាដំបូង ខេត្តកណ្ដាល ដើម្បីចាត់ការតាមនីតិវិធី។

សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។

ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។

ជាការគត់សម្គាល់រយៈពេល៧ខែដើមឆ្នាំ២០២៤នេះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានបទល្មើសគ្រឿងធំៗជាច្រើនករណី ដែលឧក្រិដ្ឋជនដឹកជញ្ជូន រក្សាទុក ក្នុងបរិមាណជាង៥តោន និងបានឃាត់ខ្លួនជនល្មើសជាច្រើននាក់ បញ្ជូនទៅផ្តន្ទាទោសនៅតុលាការ៕