(តាកែវ)៖ លោក ងិន ងិនដា ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តតាកែវ ជំនួសលោក ខាន់ សុខា ដែលត្រូវផ្លាស់ទៅកាន់តំណែងជាអភិបាលរងខេត្តកំពត និងលោក កែវ គុជសី ត្រូវបានប្រកាសតែងតាំងជានាយករដ្ឋបាលសាលាខេត្តតាកែវ ជំនួសលោក មាស អ៊ុយ ដែលបានចូលនិវត្តន៍។

ពិធីប្រកាសតែងតាំងនេះ បានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវក្រោមអធិបតីភាពរបស់លោក ឌី សុខផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា និងមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្ត អភិបាលរង សមាជិកក្រុមប្រិក្សាខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក កងកំលាំអប្រដាប់អាវុធទាំង៣ប្រភេទនិងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានឡើងមានមតិស្វាគមន៍ និងបានអបអរសាទការប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលនៅថ្ងៃនេះ ហើយលោកសង្ឃឹមថា មន្រ្តីដែលប្រកាសចូលកាន់តំណែងត្រូវអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងដើម្បីចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តតាកែវឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ឌី សុខផាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តតាកែវ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តតាកែវទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជម្រុញការអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។

លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើលោកអភិបាលរង និងលោកនាយករដ្ឋបាលខេត្តតាកែវថ្មី ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការ ចូលរួមក្នុងដំណើរការអភិវឌ្ឍន៍ខេត្តតាកែវ ឲ្យមានការរីកចម្រើនបន្ថែមទៀត៕