(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំគណៈកម្មការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ហៅកាត់ SEANWFZ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលស្គាល់ថាជាសន្ធិសញ្ញាក្រុងបាងកក ត្រូវបានចុះហត្ថលេខាដោយសមាជិកអាស៊ានទាំងអស់ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៥។ សន្ធិសញ្ញាត្រូវបានកំណត់ឡើងចំនួន ២២មាត្រា និងបានចែងថា រដ្ឋហត្ថលេខី មិនអាចអភិវឌ្ឍ ផលិត ទទួល កាន់កាប់ ឬគ្រប់គ្រងស្ថានីយអាវុធនុយក្លេអ៊ែរ ឬដឹកជញ្ជូនអាវុធនុយក្លេអ៊ែរដោយមធ្យោបាយណាមួយ ឬសាកល្បង និងប្រើប្រាស់អាវុធមួយនេះឡើយ។

បច្ចុប្បន្ននេះ តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរមានសមាជិកដូចជា ប្រទេសព្រុយណេដារូសាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងតំបន់ខ្ពង់រាបបាតសមុទ្រ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសទាំងនេះ។ អាស៊ាន ក៏បានបើកចំហរពិធីសារ សម្រាប់ការចុះហត្ថលេខាដោយមហាអំណាចនុយក្លេអ៊ែរទាំង៥ផងដែរ មានដូចជា រុស្ស៉ី ចិន អង់គ្លេស បារាំង និងអាមេរិកផង។

កាលពីឆ្នាំ ២០២៣ កន្លងទៅ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) បានប្តេជ្ញាចិត្តសារជាថ្មីចំពោះការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀត ដូចបានកំណត់នៅក្នុងធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញា SEANWFZ ហើយ ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសន្ធិសញ្ញានេះ រួមទាំងការអនុវត្តផែនការសកម្មភាព (២០២៣-២០២៧) ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនេះ កាលពី២០២៣កន្លងទៅ កិច្ចប្រជុំបានអនុម័តឯកសារទស្សនទាន ស្តីពីលទ្ធភាពនៃគំនិតផ្តួចផ្តើមរួមគ្នារវាងទីភ្នាក់ងារសម្រាប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន (OPANAL) និងអាស៊ាន នៅក្នុងឆ្នាំ២០២៣ នេះ ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ និងឧត្តម្មានុវត្ត រវាងតំបន់គ្មានអាវុធនុយក្លេអ៊ែរទាំងពីរ៕