(កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងថ្នាក់ដឹកនាំខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញអមដំណើរលោក ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូក ស្រុកកំពង់លែង។

ថ្លែងនៅក្នុងឱកាសនោះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានមានប្រសាសន៍ពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីខាងលើនេះ ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់លែងទាំងមូលផងដែរ។

ក្នុងពិធីសំណេះសំណាលប្រកប ដោយមនោសញ្ចេតនាជាមួយប្រជាពលរដ្ឋខាងលើនេះ លោក ប៉ាន់ខែម ប៊ុនថន បានរំលឹកនូវអនុស្សាវរីយ៍កាលពី២០ឆ្នាំមុន ដែលលោកធ្លាប់មានការទំនាក់ទំនង និងបំពេញការងារជាច្រើន ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកកំពង់លែង ជាពិសេសនៅក្នុងឃុំច្រណូក ដែលការទំនាក់ទំនងនេះ បានបង្ហាញអំពីភាពស្និទ្ធស្នាល ជាបងជាប្អូនប្រកប ដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅជាទីបំផុត ដោយកាលណោះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះ ភាគច្រើនពួកគាត់ជាអ្នកប្រកបរបរនេសាទត្រី តែដោយផលត្រីបានធ្លាក់ចុះ ប្រជាពលរដ្ឋក៏បានងាកមកចាប់ យកមុខរបបធ្វើស្រែចំការវិញ។

លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា ការដែលលោកមានឱកាសបានអញ្ជើញចុះមកជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំច្រណូកនាថ្ងៃនេះ ការងារចាំបាច់នោះ គឺលោកបានពាំនាំនូវការយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែមានការយកចិត្តទុកដាក់ និងគិតគូរអំពីទុក្ខកង្វល់ផ្សេងៗ និងជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់មូលដ្ឋាន។

លោកបានថ្លែងថា ដើម្បីឆ្លើយតបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំបង្កបង្កើនផលស្រូវ និងធ្វើចំការក្នុងដីតំបន់៣ រយៈពេល១រដូវទៀតនោះ សម្ដេចធិបតីក៏បានសម្រេចយល់ព្រមអនុញ្ញាត តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ និងបានប្រគល់តួនាទីនេះ ទៅឲ្យអាជ្ញាធរឃុំ ស្រុក និងខេត្តក្នុងការជួយសម្របសម្រួល និងសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋ បានអាស្រ័យផលនៅក្នុងដីតំបន់ ៣រយៈពេលមួយរដូវទៀត ទៅតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ករណីដែលមានការអនុញ្ញាតពីសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង បានអាស្រ័យផលលើដីតំបន់៣មួយរដូវទៀតខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ទៅនាមលោកតំណាងឲ្យប្រជាពលរដ្ឋ លោកក៏សូមគោរពថ្លែងនូវអំណរគុណ ដល់ពិសេសវិសាលចំពោះសម្ដេចធិបតី ដោយពុំអាចរកអ្វីមកប្រៀបផ្ទឹមបាននោះឡើយ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះក្រុមការងារបានកំណត់យកទីតាំងសាលាឃុំ ជាកន្លែងទទួលពាក្យ ដើម្បីកំណត់អត្តសញ្ញាណដី និងធ្វើកិច្ចសន្យាជាមួយប្រ ជាពលរដ្ឋ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះតទៅ ហើយក្រុមការងារនិងបន្តផ្សព្វផ្សាយដល់ឃុំចំនួន៦ក្នុងស្រុកកំពង់លែង និងឃុំ១ក្នុងស្រុកជល គីរីបន្ថែមទៀតផងដែរ។

ដោយឡែកលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ឲ្យដឹងផងដែរថា ករណីខាងលើនេះ ជាគោលការណ៍ គឺតម្រូវឲ្យប្រជាពលរដ្ឋ ដាក់ពាក្យស្នើសុំមកខាងអាជ្ញាធរឃុំ រដ្ឋបាលស្រុក រដ្ឋបា លខេត្ត និងរាជរដ្ឋាភិបាល ដើម្បីចុះពិនិត្យជាមុនសិនមុននិងធ្វើការសម្រេច។ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង រីករាយនិងសាទរយ៉ាងក្រៃលែង ចំពោះការយកចិត្តទុកដាក់អំពីជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ពីសំណាក់សម្ដេចអធិបតីនាយករដ្ឋមន្ត្រី។

ជាមួយគ្នានេះដែរ ពួកគាត់ជាតំណាងឲ្យប្រជាពលរដ្ឋទូទាំងស្រុកកំពង់លែង បានថ្លែងអំណរគុណ និងដឹងគុណដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងយក ចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់នៅក្នុងមូលដ្ឋាន និងក្នុងកាលៈទេសៈដ៏លំបាកនេះ។ ពួកគាត់ក៏បានលើកដៃបួងសួងសព្វសាធុការ គោរពជូនពរដល់ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីសុំឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ បរិបូណ៌ អាយុយឺនយូរតរៀងទៅ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ និងលោកអភិបាលខេត្ត រួមទាំងក្រុមការងារបាននាំយកអំណោយរបស់ សម្ដេចមហាបវរធិបតី រួមមានសារ៉ុង និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម និងកងកម្លាំង រួមទាំងក្រុមប្រជាការពារដែលបានជួយសម្របសម្រួល ក្នុងកម្មវិធីខាងលើនេះផងដែរ៕