(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កាលពី២០២៣ កន្លងទៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) បានអនុម័តកម្មវិធីឬសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ២០២៤ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងដល់ការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស នៅក្នុងតំបន់។

សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន និងកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្តល់ឱកាសដើម្បី ពិភាក្សាការងារកសាងសហគមន៍អាស៊ាន រួមទាំងវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអាស៊ានបន្ថែមទៀត ដើម្បីសម្រេចបាននូវតំបន់មួយដែលកាន់តែមានភាពតភ្ជាប់ និងភាពធន់ជាងមុនសម្រាប់វិបុលភាពរួម៕