(ព្រៃវែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំពិធីប្រគល់-ទទួលថវិកាវិភាគទាន អបអរខួប១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាពលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកអនុប្រធានអចិន្រ្តៃយ៍ លោក អនុប្រធាន លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាខេត្ត ប្រធានសាលាដំបូង ព្រះរាជអជ្ញាអមសាលាដំបូង លោកនាយករដ្ឋបាល សភាពាណិជ្ជកម្ម លោកប្រធានសាខាគយ និងរដ្ឋាករ មន្ទីរ អង្គភាពជុំវិញខេត្ត សប្បុរសជន នាយកមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគ ហ៊ុនសែន ព្រៃវែង នាយិកាសាលាគរុកោសល្យ និងវិក្រឹតការ ហ៊ុនសែន ព្រៃវែង ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុង-ស្រុក ទាំង១៣ និងមន្ត្រីប្រចាំការ សរុបអ្នកចូលរួមចំនួន ១១៩នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងសប្បុរសជនគ្រប់មជ្ឍដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រចំពោះសកម្មភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ក្នុងការងារបម្រើការងារមនុស្សធម៌សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ នៅក្នុងខេត្តព្រៃវែងនេះ។

នាឱកាសនោះ លោក លី សិទី្ធ លេខាធិការគណៈកម្មាធិការសាខា បានរាយការណ៍ចំណូល ៨ ឧសភា ឆ្នាំ២០២៤ ដែលសាខាបានទទួលថវិកាពី មន្ទីរ/អង្គភាព អនុសាខាក្រុង-ស្រុក និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តាំងពីថ្ងៃដែលសាខាបានអំពាវនាវ ២២ មេសា ដល់ ២៤ កក្កដា មានរយៈពេល២ខែ ២៤ថ្ងៃ ដើម្បីអង្គពិធីជ្រាប។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការសាខា គណៈកម្មាធិការសាខាខេត្ត សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងសូមនាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ជូនចំពោះ លោក លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ និងសមាជិក សមាជិកា នៃអង្គពិធី ដែលមានវត្តមាន នាពេលនេះ។

ក្នុងនោះដែរ លោកបានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបំពេញតួនាទី របស់ខ្លួនស្របតាមគោលការណ៍គ្រឹះទាំង៧ និងបានអនុវត្តវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហមកម្ពុជា រួមមាន៖
១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តភ័យ និងការប្រែប្រួលអាកាសធាតុ
២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌
៤៖ ការអភិវឌ្ឍន៍ស្ថាប័ន ត្រូវបានពង្រឹង ពង្រីក និងធ្វើការឆ្លើយតបប្រកបដោយលទ្ធផលជាវិជ្ជមាន ជាអាទិ៍៖ សាខាខេត្ត និងអនុសាខាក្រុង-ស្រុក បានផ្តល់អំណោយជាស្បៀង និងសម្ភារៈ សរុបបានចំនួន ៤៣៧គ្រួសារ/នាក់ ស្មើនឹង ២៣១លើក ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១១៩គ្រួសារ/នាក់ ស្មើនឹង ៥៥លើក ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ៣១៨គ្រួសារ/នាក់ ស្មើនឹង ១៧៦លើក និងការងារសុខុមាលភាពសង្គមបានប្រគល់ផ្ទះ ចំនួន ២៦ខ្នងផ្ទះ និងបង្គន់អនាម័យ ចំនួន ២០បង្គន់។

លោកប្រធានគណៈកម្មាធិការសាខាខេត្ត បានបន្តថា លទ្ធផលដែលសម្រេចបានក្នុងបេសកកម្មមនុស្សធម៌ ដូចបានជម្រាបជូនខាងលើនេះ គឺកើតឡើងដោយសារថ្នាក់ដឹកនាំដ៏ត្រឹមត្រូវ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា សប្បុរសជននានា ក៏ដូចជាមានការជួយឧបត្ថម្ភគាំទ្រពីមន្ទីរអង្គភាព និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលសប្បុរសជនបានជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីអបអរខួបលើកទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ សរុបចំនួន ៣៤៧,៧៩០ដុល្លារ ក្នុងនោះ លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានកិតិ្តយសសាខាខេត្ត ចំនួន ៣០០,០០០ដុល្លារ និងសប្បុរសជន មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុក ចំនួន ៤៧,៧៩០ដុល្លារ៕