(ភ្នំពេញ)៖ នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧតុនិយម អមដំណើរ ដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួង និង មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)ចុះពិនិត្យវឌ្ឍនភាពគម្រោង ស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ក្នុងភូមិសាស្ត្រឃុំ ធិបតី ឃុំរាំងកេសី និងឃុំ កំពង់ព្រៀង នៃស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង។

គណៈប្រតិភូដែលអញ្ជើញចូលរួម ចុះពិនិត្យ វឌ្ឍនភាពការងារនាពេលនេះ រួមមាន ឯកអគ្គរដ្ឋ ទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រី នាយិកា ទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោក ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូ សហភាពអឺរ៉ុបប្រចាំកម្ពុជា អគ្គនាយក នៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងបំណុលនៃ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងអភិបាលខេត្តបាត់ដំបង និង អាជ្ញាធរ មូលដ្ឋាន ផងដែរ ។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត គឺជាផ្នែកមួយ នៃកម្មវិធី ការគ្រប់គ្រងធនធានទឹក និង ការផ្លាស់ប្ដូរកសិកម្ម នៅកម្ពុជា (WAT4CAM) ជំហានទី១ ដែល ក្នុងនោះ ខេត្តបាត់ដំបង មាន គម្រោង ចំនួន ពីរ ដែលត្រូវអនុវត្ត គឺ ១)គម្រោង ស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត និង ២)គម្រោងជួសជុលការខូចខាតដោយ ទឹកជំនន់ឆ្នាំ ២០២០ ។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងបន្ថែមទៀត ថា គម្រោងស្តារឡើងវិញ ប្រព័ន្ធធារាសាស្ត្រកង្ហត គឺ បានកំណត់យកប្រឡាយមេ ទី២ (MC2) នៃ គម្រោង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ កង្ហត ដែលមានប្រភពទឹក មកពីទំនប់ពហុបំណងសេកសក ដោយ បង្វែរទឹកចេញពីស្ទឹងសង្កែ មកអភិវឌ្ឍបន្ថែម ដើម្បីបែងចែកទឹក ក្នុងប្រព័ន្ធ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងប្លុកចំនួន៥ (ប្លុកA, B, C, D និង E) ដែលមានផ្ទៃដី ស្រោចស្រព ចំនួន ៥០១៧ ហិកតា និង មានប្រជាពលរដ្ឋទទួលផលពីគម្រោង ចំនួន ៣៣៨៤គ្រួសារ ។

សូមបញ្ជាក់ថា កម្មវិធីការគ្រប់គ្រង ធនធានទឹក និង ការផ្លាស់ប្ដូរ កសិកម្ម នៅប្រទេសកម្ពុជា (WAT4CAM)  ជំហានទី១ ទទួលបានហិរញ្ញប្បទាន ពីទីភ្នាក់ងារ បារាំង សម្រាប់ការ អភិវឌ្ឍ (AFD) និង សហភាពអឺរ៉ុប (EU) ដែលចាប់អនុវត្តពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និង ខេត្តកណ្តាល ក្នុងនោះ មាន ក្រសួងចំនួនពីរ ដែលអនុវត្តគម្រោង មានក្រសួងធនធានទឹក និង ឧតុនិយម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ៕