(វៀតណាម)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ង្វៀង ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅរដ្ឋធានីហាណូយ។ សម្តេចគឺជាឥស្សរជនបរទេសទី១ហើយ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលរៀបចំឡើងនៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញនាំយកនូវកូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព លោក Nguyen Phu Trong ផងដែរ។

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong បន្ទាប់ពីអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។

បើតាមជីវប្រវត្តិសង្ខេប លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយរស់នៅក្នុងឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ។ លោកគឺជាសាស្ត្រាចារ្យ ម្នាក់ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកនយោបាយ។ លោកបានក្លាយជាសមាជិកបក្សកម្មុយនិស្ដវៀតណាម ដោយបម្រើការឱ្យទស្សនាវដ្ដីរបស់បក្ស គឺ Communist Review ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៩៦ ហើយបានក្លាយជានិពន្ធនាយកទស្សនាវដ្ដីនេះក្នុងឆ្នាំ១៩៩៧។ លោកបានក្លាយជាលេខារងនៃគណៈកម្មាធិការបក្សប្រចាំទីក្រុងហាណូយ នៅខែសីហា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៨។ ពីខែកុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមករា ឆ្នាំ២០០០ លោក Nguyen Phu Trong ដែលមានជំនឿលើមនោគមន៍វិជា្ជ ម៉ាក-ឡេនីន (Marxism-Leninism) បានទទួលបន្ទុកលើកិច្ចការ មនោគមន៍វិជ្ជា វប្បធម៌ វិទ្យាសាស្ត្រ និងអប់រំរបស់គណបក្សកុម្មុយនិស្ដវៀតណាម។ ចាប់ពីខែមករា ឆ្នាំ២០០០ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកបានបម្រើការជាលេខានៃគណៈកម្មាធិការ បក្សប្រចាំទីក្រុងហាណូយ។ នៅចន្លោះពីខែមីនា ឆ្នាំ១៩៩៨ ដល់ខែសីហា ឆ្នាំ២០០៦ លោកបានកាន់តំណែងជាអនុប្រធាន និងជាប្រធានក្រុមប្រឹក្សាទ្រឹស្ដី នៃគណៈកម្មាធិការមជ្ឈិមគណបក្សកុម្មុយនិស្ដវៀតណាម។

លោក Nguyen Phu Trong បានក្លាយជាប្រធានសភាវៀតណាមពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១១ ហើយនៅចន្លោះពីខែមករា ឆ្នាំ២០១១ ដល់ខែមករា ឆ្នាំ២០១៦ លោកបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្ដវៀតណាម នីតិកាលទី១១ និងជាលេខានៃគណៈកម្មការយោធាមជ្ឈិម។ ក្រោយមក លោក Nguyen Phu Trong បានធ្វើជាអគ្គលេខាធិការបក្សនីតិកាលទី១២ និងលេខាគណៈកម្មការយោធាមជ្ឈិមពីខែមករា ឆ្នាំ២០១៦ ដល់ខែតុលា ឆ្នាំ២០១៨។ លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្ស ប្រធានាធិបតី និងលេខានៃគណៈកម្មការយោធាមជ្ឈិមនៅចន្លោះពីខែតុលា ឆ្នាំ២០១៨ ដល់ខែមេសា ឆ្នាំ២០២១។ ចាប់តាំងពីឆ្នាំ២០២១ មកទល់នឹងលោកទទួលមរណភាព លោក Nguyen Phu Trong បានកាន់តំណែងជាអគ្គលេខាធិការបក្សនីតិកាលទី១៣ និងជាលេខាគណៈកម្មការយោធាមជ្ឈិម។ លោក Nguyen Phu Trong ក៏ធ្លាប់ជាសមាជិកការិយាល័យនយោបាយទី៨ រហូតដល់ទី១៣ របស់បក្សកម្មុយនិស្ដវៀតណាមផងដែរ៕