(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកតំបែរ ដើម្បីបង្កើនភាពស្និតស្នាល និងយល់ពីសុខទុក្ខ។

នាឱកាសនោះដែរ លោក ប៉ែន កុសល្យ បានលើកឡើងថា៖ «យើងជាមន្ត្រីត្រូវបម្រើប្រជាជន ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅ ជូនពលរដ្ឋដែលមករកសេវាសារធារណៈ ពិសេសបង្ក្រាបទប់ស្កាត់ ឱ្យខានតែបានរាល់បទល្មើសនានា ទើបទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទៅលើការដឹកនាំរបស់អាជ្ញាធរ»

លោកអភិបាលខេត្ត បានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតំបែរ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះត្រូវដឹកនាំមន្រ្តីជំនាញរដ្ឋបាលបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ក្នុងនៃនេះ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋាន និងអត្តសញ្ណាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានប្រកាសថានឹងរៀបចំទូងស្គរ វាយគង ប្រគុំតន្ត្រីខ្នាតធំ និងអុជកាំជ្រួច រយៈពេល៥ថ្ងៃ ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាមរបាយការណ៍របស់លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឱ្យដឹងថា ស្រុកតំបែរ មានផ្ទៃដីទំហំ ៧៩២គីឡូម៉េត្រក្រឡា ចែកចេញជា៧ឃុំ និងមានភូមិចំនួន៨៣។ មានគ្រួសារប្រជាពលរដ្ឋសរុបចំនួន ២១,១៣០គ្រួសារ។ ក្នុងនោះវិស័យកសិកម្ម ប្រជាកសិករធ្វើស្រែវស្សា ស្រែប្រាំង ដាំដំណាំដំឡូងមី បន្លែគ្រប់មុខ ដំណាំកៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត ម្រេច និងទុរេនផងដែរ៕