(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ដល់នាយទាហានសេនាធិការ ចំនួន៣រូប ដែលត្រៀមចេញបំពេញបេសកកម្មរក្សាសន្តិភាពទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង និង និងនាយទាហានសង្កេតការណ៍ ១រូប ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំពាក្យពេចន៍សួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។

នាយឧត្តមសេនីយ៍ ផ្តល់អនុសាសន៍ណែនាំដល់នាយទាហានសេនាធិការ និងសង្កេតការណ៍ទាំងអស់ ត្រូវបំពេញការងារឱ្យបានត្រឹមត្រូវតាមការកំណត់របស់អង្គការសហប្រជាជាតិ និងប្រកបដោយក្រមសីលធម៌ សុជីវធម៌ ជាពិសេសត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបានដាច់ខាតនូវអនុសាសន៍របស់សម្តេចតេជោ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៦។ ទាហានសេនាធិការ និងសង្កេតការណ៍ទាំងអស់ ត្រូវរក្សាធិបតេយ្យភាព សាមគ្គីភាព សហប្រតិបត្តិការល្អជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋនៅតំបន់បេសកកម្ម និងហាមដាច់ខាតការជួញដូរល្មើសច្បាប់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា នាយទាហានសេនាធិការ និងសង្កេតការណ៍ ដែលត្រៀមហោះហើរនាពេលនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមនីតិវិធីរបស់ អ.ស.ប និងហាមដាច់ខាតនូវការសេពសន្ធវៈ ជួញដូរផ្លូវភេទស្រ្តី និងកុមារ សេពគ្រឿងស្រវឹង រួមទាំងគោរពតាមបទបញ្ជារបស់មេបញ្ជានៅតំបន់បេសកកម្ម មិនត្រូវប្រកាន់ភាពអត្តនោម័ត និងមើលស្រាលការងារឡើយ។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានជូនពរដល់នាយទាហានទាំង៤រូប ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជោគជ័យក្នុងការបំពេញភារកិច្ចជូនជាតិ រួមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភក្នុងម្នាក់ទទួលបាន ២០០ដុល្លារផងដែរ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជា ចាប់ផ្តើមបោះជំហានទៅមុខ ដោយការបញ្ជូនកងកម្លាំងទៅកាន់សាធារណរដ្ឋស៊ូដង់លើកដំបូង ហើយឆ្នាំ២០២៤នេះ មានរយៈពេល១៨ឆ្នាំ ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប កម្ពុជា បានបញ្ជូនកងកម្លាំងសរុប ៩,៨១៥នាក់ ក្នុងនោះនារី ៨៥៤នាក់ ទៅកាន់ប្រទេសចំនួន១០ និង ១២បេសកកម្ម។ កម្ពុជា កំពុងមានភាពលេចធ្លោក្នុងការបញ្ជូនមេកងជានារី ចំនួន៣នាក់ ទៅកាន់តំបន់បេសកកម្ម រួមមាន៖ សាធារណរដ្ឋអាហ្រ្វិកកណ្តាល លីបង់ និងស៊ូដង់ខាងត្បូង។​​ ​បច្ចុប្បន្ន កម្លាំងកម្ពុជាកំពុងបំពេញបេសកកម្ម មានចំនួន ៦២៧នាក់ ក្នុងនោះ នារីចំនួន ១៣១នាក់ ស្មើនឹង ២០.៩% ក្នុងប្រទេសចំនួន៥ គឺស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល និងកុងហ្គោ៕