(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមរៀបចំវេទិកាការងារ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយបាននាំយកក្រុមហ៊ុន/ សហគ្រាសធំៗចំនួន១៧ ផ្តល់ឱកាសការងារ ១៤៥០កន្លែង សម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។

យុវជន សិស្ស-និស្សិត និងសាធារណជន អាចទាក់ទងសួរនាំពីវេទិកានេះ តាមបណ្តាញទំនាក់ទំនង CoolApp: 077 23 23 78 ។

ថ្លែងក្នុងពិធីបើកវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះ លោក ទុយ ស៊ីផាន់ រដ្ឋលេខាងធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារនេះគឺជាផ្នែកមួយនៃយន្តការ​​ផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមាន NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាសេនាធិការក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារ​​ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

លោក ទុយ ស៊ីផាន់ បន្ថែមថា គោលបំណងសំខាន់បំផុតនៃវេទិកាការងារ និងឱកាសកម្មសិក្សាការងារនេះគឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែងងាយស្រួល ដើម្បីស្វែងយល់ពីតម្រូវការងារ, ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ថែមទាំងជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។
លោកក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ RULE ក៏ដូចជាក្រុមហ៊ុន សហគ្រាសដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA ក្នុងការនាំយកឱកាសការងារដ៏ច្រើនសម្បូរបែបជូនដល់និស្សិត និងយុវជន។

ក្នុងឱកាសនេះដែរលោក បណ្ឌិត នៀ សុផន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងដែរថា ការទទួលបានព័ត៌មានអំពីឱកាសការងារ កម្មសិក្សាការងារ និងតម្រូវការជំនាញពីខាងនិយោជកផ្ទាល់ គឺជាមានសារសំខាន់ណាស់សម្រាប់និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនចូលក្នុងទីផ្សារការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត បានផ្តាំផ្ញើដល់និស្សិតទាំងអស់សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីស្វែងយល់ពីទីផ្សារការងារនៅតាមស្តង់ក្រុមហ៊ុនទាំង១៧ នៅថ្ងៃនេះ និងត្រូវរៀបចំ CV ឲ្យបានត្រឹមត្រូវដើម្បី​អាចដាក់ពាក្យ​ស្វែងរកការងារ និងឱកាសកម្មសិក្សាការងារបានភ្លាមៗតែម្តង។

សម្រាប់យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាង​ក្រុមហ៊ុនដោយផ្ទាល់ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ចាប់ពីពេលឥឡូវនេះ រហូតដល់ម៉ោង ៥ ល្ងាច។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១៦ ៧៨៦ ៦៥៥/ ០៧៧ ២៣ ២៣ ៧៨ ឬគេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕