(កំពង់ស្ពឺ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ រ៉ែន នរិន្ធ បានចុះបង្ក្រាបទីតាំងស្តុក ចែកចាយផលិតផលប្រេងរំអិលម៉ាក NOVA  និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយជាង១ម៉ឺនលីត្រ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤នេះ។​

ការចុះបង្ក្រាបនេះ​ដោយផ្អែកតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន P.K.I និងក្រុមហ៊ុន Siam Kubota Corporation។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រោយការស៊ើបអង្កេតស្រាវជ្រាវរបស់សមត្ថកិច្ច ទើបឈានដល់ការចុះបង្ក្រាបទីតាំងមួយកន្លែងយីហោ ហេង សុខជា ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីសង្ស័យ លួចស្កុតប្រេងរំអិលក្លែងក្លាយ យីហោខាងលើ។

ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឆែករកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ប្រេងរអិលម៉ាក NOVA 2T ក្លែងក្លាយចំនួន ១.២៦២កំប៉ុង ស្មើនឹង ៨៧៦លីត្រ និងប្រេងម៉ាស៊ីនម៉ាក Tra CHANG ក្លែងក្លាយចំនួន ៣.០៨៦ប៊ីដុង ស្មើនឹង ១០.០៩២លីត្រ សរុបទាំងអស់ ស្មើ១០,៩៦៨លីត្រ។

បច្ចុប្បន្នវត្ថុតាងខាងលើលោកព្រះរាជអាជ្ញារង បានសម្រចឱ្យដកហូត និងនាំខ្លួនម្ចាស់ទីតាំងយកមកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី៕