(កណ្ដាល)៖ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋតាមរយៈ App NoDrug កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានដាក់កម្លាំងចុះឃ្លាំមើលសកម្មភាពជនសង្ស័យពិតជាមានការជួញដូរប្រាកដមែន ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ នៃកងរាជអាវុធហត្ថក្រុងតាខ្មៅ បានធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាថាសារធាតុញៀន ចំនួន១កញ្ចប់តូចនៅនឹងដៃ។ បន្ទាប់មកធ្វើការត្រួតពិនិត្យបន្ទប់ក្នុងផ្ទះរបស់ជនសង្ស័យ បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាថាសារធាតុញៀន មួយកញ្ចប់ធំទៀត រួមទាំងវត្ថុតាងមួយចំនួនទៀត រួមមាន៖ ឧបករណ៍សម្រាប់ជក់គ្រឿងញៀន ចំនួន០១, គ្រាប់បាដាងកង់ ចំនួន០១ដប, ប្រដាប់ឆក់ ចំនួន០១, កាំបិតកែច្នៃ ចំនួន០១ដើម, កាំភ្លើងកែច្នៃ ចំនួន០១ដើម និងទូរស័ព្ទដៃ ចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីបន្ត៕