(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខេត្តប៉ៃលិន បានប្រារព្ធពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ ព្រមទាំងបានលែងកូន ត្រីចម្រុះ និងមេពូជចំនួនជាង ២០០០០ក្បាល នៅចំណុចសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរូមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ ព្រះសង្ឃ អង្កការជាតិ-អន្តរជាតិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

បើតាមរបាយការណ៍របស់ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា ទិវាមច្ឆាជាតិនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយ បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនប្រជានេសាទ និងបំផុសចលនា ប្រជាពលរដ្ឋគ្រប់ៗរូប ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាពូជន៍ត្រី ក៍ដូចជាវារីជាតិផ្សេងៗទៀត ឱ្យមាននៅក្នុងដែន ទឹក ធម្មជាតិផង ព្រមទាំងបង្កើន ផលត្រី នៅតាមដំបន់ ដែលមិនជាប់ដែន នេសាទជាពិសេសនៅតាមតំបន់វាល ទំនាប និងវាលស្រែ ក្នុងទូទាំងខេត្តប៉ៃលិន ដើម្បីធានាឱ្យមានផលត្រីនៅតាម ទី ជន បទ ឆ្ងាយដាច់ស្រយ៉ាល។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ក្នុងស្ថានភាព នៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វិស័យកសិកម្មជាវិស័យអទិភាពមួយ ក្នុងនោះអនុវិស័យជលផល នៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃកំណើនសេដ្ឋកិច្ចធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច ជនបទហើយក៍ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គម ដោយសារត្រី និងវារីជាតិផ្សេងៗទៀតនៅតែជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើង បន្ទាប់ពីស្រូវ-អង្ករ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីបានគាំទ្រសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១ កក្កដា រៀងរាល់ឆ្នាំ ព្រមទាំងផ្តល់អនុសាសន៍ ដល់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបង្កើន កិច្ចសហការ ចិត្តទុកដាក់ និងពង្រឹងការគ្រប់គ្រង ការពារនិងអភិរក្សធនធានជលផល ដើម្បីធានាបាននិរន្តរភាព បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី និងទេសចរណ៍ធម្មជាតិ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ បានជំរុញខណ្ឌរដ្ឋបាលជលផលត្រូវរៀបចំដាក់ស្លាកកន្លែង អភិរក្សជលផលឱ្យ បានច្បាស់លាស់ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងធ្វើ សកម្មភាពគ្រប់គ្រង កន្លែងអភិរក្សជលផលឱ្យប្រកបដោយសុវត្ថិភាព ជាពិសេសរួមសហការគ្នាបង្ក្រាបបទល្មើសជលផល និងទប់ស្កាត់រាល់ ការប្រើប្រាស់ ឧបករណ៍នេសាទ ដែលបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដល់ធនធានធម្មជាតិ របស់យើងឱ្យមាន ប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះត្រូវខិតខំបំផុស និងគាំទ្រឱ្យប្រជាពលរដ្ឋ ធ្វើការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ និងលើកទឹកចិត្តដល់វិស័យឯកជនឱ្យវិនិយោគលើការងារ ចិញ្ចឹមត្រីដែល មានតម្លៃសេដ្ឋកិច្ចខ្ពស់ ព្រមទាំងធ្វើការ កែច្នៃរផលិតផលជលផល ដើម្បីនាំចេញ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាមច្ឆាជាតិ ១ កក្កដា ២០២៤ នេះលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ បានប្រលែងកូនត្រីពូជ មានដូចជា៖ ត្រីឆ្ពិន ត្រីកាហែ ត្រីប្រា និងត្រីចម្រុះ ប្រមាណជាង ២០០០០ក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រី ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន ដោយស្រះជម្រកត្រីសហគមន៍នេះ បានបង្កើតឡើងនៅឆ្នាំ២០១៧ ដែលមានគណៈកម្មការចំនួន ០៩រូប ក្នុងនោះប្រធាន ១រូប អនុប្រធាន ២រូប បេឡាករ ១រូបនិងសមាជិក ០៥រូប៕