(កណ្ដាល)៖ លោក វ៉ាន់ សុបញ្ញា ចៅក្រមសើបសួរបានសម្រេចចោទប្រកាន់ និងឃុំខ្លួនបណ្ដោះអាសន្តលើជនជាតិចិនម្នាក់ ក្រោយតំណាងអយ្យការលោក ជួន សុបញ្ញា បានចោទប្រកាន់រួច ដោយចោទប្រកាន់តាមបញ្ញត្តច្បាប់មាត្រា៤០ មាត្រា៤៥ ច្បាប់ស្ដីពីគ្រឿងញៀន។

នេះបើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តកណ្ដាល និងលោកសូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្ត នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ YANG SHUN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន (មានលិខិតឆ្លងដែន) មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រែកស៊ឹងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថារុក នៅវេលាម៉ោង ១៦:៤០ នាទីថ្ងៃទី២០ ខែកក្ដដា ឆ្នាំ ២០២៤ នៅចំណុចស្ពានលេខ៧៦ ភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ច្បាប់ស្ដីពីគ្រឿងញៀនមាត្រា៤០៖ បទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ ក្រៅពីដាក់ទោសនៅពន្ធនាគារ ជនល្មើសអាចនឹងត្រូវពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

មាត្រា៤៥៖ បទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៖ ជនណាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលស្ថិតក្រុងតារាងទី១ និងតារាងទី ២ តាមគ្រប់រូបភាព និងធ្លាប់ទទួលរងនូវវិធានការព្យាបាលដោយបង្ខំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ ៦ខែ នឹងអាចត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសពី ៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលទៅ ២លានរៀល។

បើតាមរបាយការណ៍ វត្ថុតាងចាប់យករួមមាន៖
១/ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣៨កញ្ចប់
២/ ថ្នាំគ្រាប់ ចំនួន (៥កញ្ចប់) ២០៥គ្រាប់
៣/ ថ្នាំគ្រាប់ពណ៌លឿង ចំនួន៣៤គ្រាប់
៤/ ថ្នាំគ្រាប់ពណ៌ខៀវ ចំនួន៣៨គ្រាប់
៥/ ថ្នាំគ្រាប់ពណ៌ក្រហម ចំនួន១៣៣គ្រាប់
៦/ ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន ១០កញ្ចប់
៧/ ថ្នាំកញ្ចប់ពណ៌ក្រហម រូបផ្លែឈើស្តូបូរី ចំនួន៣កញ្ចប់
៨/ ឧបករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀន មួយចំនួន។
៩/ ម៉ូតូ១គ្រឿង (ម៉ាកហុងដា Click ពណ៍ខ្មៅលាយក្រហម)
១០/ ទូរស័ព្ទដៃ២គ្រឿង៕