(ព្រះវិហារ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងជាបេសកកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា បានអញ្ជើញជួប​សំណេះ​សំណាល សួរសុខទុក្ខ និងចែកអំណោយដល់បុគ្គលិក-កម្មករចំនួន ១.៥០០នាក់។ បុគ្គ​លិក-កម្មករទាំងអស់នេះ កំពុងបម្រើការងារនៅក្នុងចំការកៅស៊ូទ្រីភាព បឹងទន្លេម្រេច ឃុំរម​ណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីនោះ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានកោតសរសើរដល់បុគ្គលិក​កម្មករ​ទាំងអស់ ចំពោះការខិតខំ ឧស្សាហ៍ព្យាយាមបំពេញការងារតាមផែនការរបស់ក្រុមហ៊ុន និងធ្វើឱ្យក្រុមហ៊ុនមានវឌ្ឍនភាពជាបន្តបន្ទាប់។ លោកអ្នកឧកញ៉ា ក៏​បានរំលឹកណែនាំដល់​បុគ្គលិក-កម្មករ ឱ្យយកចិត្តទុកដាក់ថែទាំសុខ​ភាព សុវត្ថិភាព នៅក្នុងចំការស៊ូ ក៏ដូចជា​នៅ​ពេលធ្វើការក្នុងរោងចក្រកែច្នៃជ័រកៅស៊ូ។

ក្រុមហ៊ុនទ្រីភាព បានវិនិយោគដាំដុះកៅស៊ូលើទីតាំងខាងលើតាំងពីឆ្នាំ២០១១មកម្ល៉េះ។ មកដល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបានដាំដុះកៅស៊ូលើផ្ទៃដីសរុបចំនួន ៥,៦៧០ហិកតា និងបានបើកមុខចៀរជ័រលើផ្ទៃដី ៣,៩០០ហិកតា ស្មើប្រមាណជា ៧០ភាគរយ នៃផ្ទៃដីដាំ​ដុះសរុប ដែលអាចផលិតជ័រក្រែបប្រមាណ ៨,០០០តោនក្នុងមួយឆ្នាំ។

តាមរយការវិនិយោគដាំកៅស៊ូនេះ ក្រុមហ៊ុន បានចូលរួមជាមួយរាជរដ្ឋាភិបាល លើគោល​នយោបាយកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុក នឹងបង្កើតការងារជូនប្រជាពល​រដ្ឋ​ក្នុងមូលដ្ឋានសរុបជាង ១,២០០នាក់ ដែលក្នុងនោះ ២០ភាគរយជាប្រជាពលរដ្ឋមូលដ្ឋាន និង៨០ភាគរយជាប្រពលរដ្ឋមកពីបណ្តាខេត្តផ្សេងៗគ្នា ដូចជា៖ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង។

ក្រៅពីផ្តល់ការងារហើយនោះ ក្រោមការងារគិតគូរពីសុខទុក្ខ ការលំបាករបស់កម្មករ, លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បានផ្តល់កន្លែងស្នាក់នៅ បណ្ដាញទឹកភ្លើង សាងសង់ទីផ្សារ អាហារដ្ឋានសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើការលក់ដូរ។ ជាពិសេសក៏បានរៀបចំសាលារៀន​សម្រាប់​កូនៗរបស់បុគ្គលិកកម្មករទាំងអស់ ហេតុនេះត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និង​អនាម័យផ្ទាល់ខ្លួន។

បុគ្គលិក-កម្មករដែលកំពុងបម្រើការងារនៅទីនេះ បានសម្តែងក្តីសប្បាយរីករាយ ព្រោះមាន​ការងារធ្វើ មានចំណូលប្រចាំខែទៀងទាត់។ តាមរយៈការងារ និងប្រាក់ចំណូលពីការងារ​នៅចំការកៅស៊ូ ធ្វើឱ្យជីវភាពរបស់ពួកគេមានភាពល្អប្រសើរ៕