(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ​នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យការដ្ឋានផ្លូវ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះក្រាលបេតុងសរសៃដែកមានប្រវែងសរុប២០,៦០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិប្រស្រែលើ សង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឫស្សី ឃុំ រកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ផ្លូវនេះបានបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ១០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

បន្ទាប់ពីពិនិត្យការដ្ឋានផ្លូវរួចមក លោករដ្ឋមន្ត្រី និងគណៈប្រតិភូបានចុះពិនិត្យសហគមន៍កសិកម្មចំនួន២កន្លែង និងជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយកសិករក្នុងសហគមន៍ ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

លោករដ្ឋមន្ដ្រីបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ កាន់តែប្រសើរឡើងជាលំដាប់។ សមិទ្ធផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្តលើកឡើងទៀតថា ជាមួយគ្នានេះកម្ពុជាកំពុងរងចាំទទួលសមិទ្ធិផលថ្មីដ៏ធំមួយទៀតជាប្រវត្តិសាស្ត្រ គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។ លោករដ្ឋមន្ដ្រីបានសំណូមដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមសាទរជានិងសមិទ្ធិផលដ៏អស្ចារ្យមិនធ្លាប់មានកន្លងមក តាមរយៈការទូងស្គរ វាយប៉ោត ឬចាក់ឧបករណ៍បំពងសំលេងគ្រប់ប្រភេទ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យមានភាពអធិកអធម៕