(កំពង់ចាម)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាមទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ចាមមានការកើនឡើង និងទទួលជ័យលាភីដូចក្នុងពេលនេះ។

លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ចាមសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

លោករដ្ឋមន្ត្រីបានបន្តថា សមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១​ ដោយផ្តោតលើវិស័យអាទិភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ដ្រីបានបន្ដថា ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយម របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យុទ្ធសាស្ត្រករបស់ខ្លួនគឺ «លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដោយកំណត់គោលដៅក្នុងការលើកកម្ពស់អនាម័យ និងទឹកស្អាននៅជនបទឲ្យសម្រេចបានអាត្រាគ្របដណ្តប់ ១០០% ក្នុងឆ្នាំ២០៣០ នាពេលខាងមុខ។

គួរជម្រាបថា ខេត្តកំពង់ចាមជាខេត្តទី៨ ហើយដែលបានធ្វើពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៧ រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុ។ លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៥ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ខេត្ត ក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេស៕