(សៀមរាប)៖ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ននានា ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីកែលម្អនូវរាល់ភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ជៀសវាងឲ្យបាននូវការបង្ករឲ្យមានភាពថ្នាំងថ្នាក់ ដែលជាមូលហេតុនៃការកើតឡើង និងជះឥទ្ធិពលមិនល្អដល់គោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល។

ការជំរុញយ៉ាងដូច្នេះរបស់លោក លី សំរិទ្ធ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក លី សារី អភិបាលរងខេត្ត និងលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជានាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត។

កិច្ចប្រជុំក៏បានធ្វើការត្រួតពិនិត្យ ពិភាក្សានិងធ្វើការកែសម្រួលខ្លឹមសារ និងអក្ខរាវិរុទ្ធនៃបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានយ៉ាងល្អិតល្អន់បំផុត។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤នេះ បានអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ និងធ្វើការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និងប្រតិទិនកិច្ចប្រជុំ​សាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការទទួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ នៃការអនុវត្តរបស់រដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំក៏មានការបោះឆ្នោតជ្រើសរើស ប្រធាន១រូប អនុប្រធាន២រូប របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្នុងនោះលោកស្រី ស៊ិន ណម ជាប្រធាន និងលោកស្រី យូ សុភា និងលោក ភឹង ចិន្តារ៉េត ជាអនុប្រធានផងដែរ។

លោក លី សំរិទ្ធ បានបន្តថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាកាលានុវត្តភាពសំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និងប្រសិទ្ធភាព។

ឆ្លងតាមការអនុម័តនៃកិច្ចប្រជុំសាមញ្ញលើកទី២ រួចមកលោក លី សំរិទ្ធ បានធ្វើការក្រើនរំលឹកដល់ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្តទាំងអស់ ដែលជាតួអង្គនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ត្រូវគោរពឲ្យបានក្រោយពីបានធ្វើការអនុម័តទៅលើបទបញ្ជាផ្ទៃក្នុង និងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត។ លោកបានក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ព្រមទាំងបានលើកឡើងពីនីតិវិធីរដ្ឋាបាលមួយចំនួនដល់មន្ត្រីរាជការផងដែរ។

ជាមួយគ្នានេះដែរលោក លី សំរិទ្ធ ក៏បានរំលឹកថ្នាក់ដឹកនាំ ត្រូវតែខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរាល់ផែនការសកម្មភាព ដែលរាជរដ្ឋាភិបាលកំណត់ ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ៕