(ប៉ារីស)៖ នាឱកាសនៃការអញ្ជើញមកដល់របស់ប្រតិភូកម្ពុជា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅលើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហានេះ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានទទួល ស្វាគមន៍ប្រតិភូកម្ពុជា ដោយរៀបចំជាអាហារសាមគ្គីនៅនិវេសនដ្ឋានរបស់លោក នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏កក់ក្តៅ ជាមហា គ្រួសារខ្មែរ ក្រោមអធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡានេះ និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

សម្រាប់ព្រឹត្តិការណ៍អូឡាំពិកនេះ កម្ពុជាមានកីឡាករចំនួន ៣ រូបសម្រាប់ចូលរួមពីរវិញ្ញាសាគឺ ១. វិញ្ញាសាហែលទឹក ៥០០ ម៉ែត្រ និង១០០ ម៉ែត្រ ៖ កីឡាករកូនកាត់ខ្មែរ-បារាំង កូសុង ដឺ ឡាប៉ារ៉ង់ ឣង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនីខ្មែរ-អាមេរិក សាក់ប៊ុន ឣប្សរា កាតារីណា ២. វិញ្ញាសា អត្តពលកម្មចម្ងាយ ៨០០ ម៉ែត្រ គឺ កីឡាករ ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម ឈុន ប៊ុនថន។

កម្ពុជាបានចូលរួមចលនាអូឡាំពិកនៅឆ្នាំ១៩៧២ និងបានខកខានឱកាសចូលរួម ចាប់តាំងពី ឆ្នាំ១៩៧៥ ដោយសារសង្គ្រាមស៊ីវិល។ រហូតដល់ឆ្នាំ១៩៩៦ ទើបកម្ពុជាមានឱកាសចូលរួម ឡើងវិញ ក្នុងព្រឹត្តិការណ៍កីឡានេះនៅសហរដ្ឋអាមេរិក។ ក្រៅពីវិញ្ញាសាហែលទឹក និងអត្តពលកម្ម កម្ពុជា មាន កីឡាប្រកបដោយសក្តានុពលកម្រិត ពិភពលោក ផ្សេងទៀត ដូចជា កីឡាប៉េតង់ និងតៃក្វាន់ដូជាដើម។

មានប្រទេសចំនួន ២០៦ នៅលើពិភពលោកនឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡានេះ។ កម្ពុជា ពិតមែនថាជាប្រទេសតូច ប៉ុន្តែថ្នាក់ដឹកនាំ ពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ក៏ដូចជា កីឡាករកម្ពុជា នៅតែបន្តខិតខំលើកស្ទួយគុណតម្លៃ និងភាពស្មើមុខស្មើមាត់របស់កម្ពុជាលើ ឆាក អន្តរជាតិ រួមទាំងក្នុងវិស័យកីឡាផងដែរ។ សម្រាប់ការចូលរួមព្រឹត្តិការណ៍ នៅទីក្រុងប៉ារីសនេះ កម្ពុជា នឹងទទួលបាន បទពិសោធន៍ ថ្មីៗបន្ថែមទៀតលើផ្នែកបច្ចេកទេសកីឡា និងការរៀបចំព្រឹត្តិការណ៍កម្រិត ពិភព លោក៕