(ហាណូយ,វៀតណាម)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ត្រឹន ថាន់មិញ ប្រធានរដ្ឋសភាវៀតណាម។

ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនៃស្ថាប័ននិតិបញ្ញត្តិប្រទេសទាំងពីរកម្ពុជា -វៀតណាម។ ក្នុងនោះភាគីទាំងពីរបានផ្តល់នូវតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការអន្តរស្ថាប័ន ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកសាងការកសាងច្បាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌជំនាញរបស់គណៈកម្មការនានា របស់រដ្ឋសភា និងព្រឹទ្ធសភានៃប្រទេសទាំងពីរ ក៍ដូចជាអគ្គលេខាធិការដ្ឋាន។

ភាគីទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមកចំពោះលទ្ធផលដែលទទួលបានជាផ្លែផ្កាកន្លងមក តាមរយ:កិច្ចសហប្រតិបត្តិការជាន់ខ្ពស់ រវាងគណបក្សនិងគណបក្ស ក៏ដូចជាស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំងពីរ និងក្នុងវេទិកាការទូតសភា វេទិកា ពហុភាគី។

ភាគីទាំងពីរបានអញ្ជើញគ្នាទៅវិញទៅមកដេីម្បីទស្សនកិច្ចផ្លូវការ ក្នុងនោះភាគីវៀតណាម បានគោរពអញ្ជើញសម្តេចតេជោប្រធានព្រឹទ្ធសភា ធ្វើទស្សនកិច្ចផ្លូវការនៅវៀតណាមនាពេលសមស្របខាងមុខ ក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលជាទស្សនកិច្ចលើកដំបូងរបស់សម្តេចតេជោ ដើម្បីចារជាប្រវត្តិសាស្រ្ត នៃកិច្ចសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃស្ថាប័ននិតិបញ្ញត្តិ។

ភាគីទាំងពីរក៏បានបញ្ជាក់សាជាថ្មីឡើងវិញអំពីតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បន្តពីលោកអគ្គលេខាមជ្ឈឹមបក្ស ង្វៀន ភូចុង គឺសម្តេចតេជោ ហ៊ុន សែន បានបង្កើតនូវស្នាដៃជាប្រវត្តិសាស្រ្តជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ បក្សទាំងពីរ ប្រជាជនទាំងពីរ រដ្ឋទាំងពីរ ដើម្បីឆ្ពោះទៅកាន់អនាគតកាលនៃព្រំដែនប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។

ក្នុងនោះភាគីទាំងពីរ កម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងអនុវត្តន៍កិច្ចព្រមព្រៀងដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-វៀតណាម៕