(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន ១០៥នាក់ មកពីឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ បានសម្ដែងភាពស្ងប់ស្ងែង នៅខណៈពេលបានមកទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធារបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. និងមន្ដ្រីពាក់ព័ន្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងធ្វើបទបង្ហាញ អំពីសមិទ្ធផលរបស់របស់សាលាក្ដីខ្មែរក្រហម សារៈសំខាន់នៃការជំនុំជម្រះក្ដីសម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ និងមុខងារសេសសល់របស់ អ.វ.ត.ក. ដែលកំពុងអនុវត្តក្នុងដំណាក់កាលក្រោយជំនុំជម្រះក្ដី។

លោក ម៉ម វុទ្ធី អនុប្រធានគណៈកម្មាធិការគណបក្សឃុំស្រឡៅ និងជាជំទប់ទីមួយឃុំស្រឡៅ ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំឃុំ លោកពិតជាសប្បាយចិត្តណាស់ដែល អ.វ.ត.ក. បានអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅក្នុងឃុំរបស់លោកបានចូលទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុត។ លោកបន្ដទៀតថា ទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពីកិច្ចការដែលសាលាក្ដីខ្មែរក្រហមបានអនុវត្តនាពេលកន្លងមក ហើយនឹងកំពុងបន្ដក្នុងពេលសព្វថ្ងៃនេះ។

លោក វឌ្ឍី ថ្លែងថា៖ «អ៊ំ ពូ មីង ពិតជារីករាយចំពោះការសម្រេចបានរបស់សាលាក្ដីខ្មែរក្រហម យើងយល់ថា វាពិតជាកេរដំណែលដ៏ធំធេងណាស់ មិនអាចកាត់ថ្លៃបាននោះទេ ហើយជាការពិតណាស់ យើងត្រូវតែរក្សាកេរដំណែលនេះឱ្យនៅបន្ដសម្រាប់កូនចៅជំនាន់ក្រោយឱ្យយល់ដឹងបន្ថែមទៀតអំពីភាពឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជានាសម័យនោះ និងត្រូវចូលរួមទប់ស្កាត់កុំឱ្យរបបនោះកើតឡើងម្ដងទៀតបាន»

លោក រៃ វិបុល ប្រជាពលរដ្ឋមួយរូបដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ បានលើកឡើងដែរថា លោកសប្បាយចិត្តដែលបានមកទស្សនាមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. និងមានការណែនាំពន្យល់យ៉ាងក្បោះក្បាយពីមន្ដ្រីរបស់ អ.វ.ត.ក. ទាក់ទងនឹងសារៈសំខាន់នៃសមិទ្ធផលនៃការងាររបស់សាលាក្ដីខ្មែរក្រហម សម្រាប់យុវជនជំនាន់ក្រោយ។

លោកវិបុលបន្ថែមទៀតថា «ទស្សនកិច្ចនេះល្អណាស់សម្រាប់ខ្ញុំ ព្រោះយើងទាំងអស់គ្នាបានមកថ្ងៃនេះ បានឃើញការរៀបចំយ៉ាងល្អអំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម ក្រោយពេលកាត់ទោសមេខ្មែរក្រហមចប់។ ហើយខ្ញុំក៏ចង់ឱ្យប្រជាពលរដ្ឋផ្សេងទៀតបានមកឃើញដែរ ព្រោះក្នុងថ្ងៃនេះយើងក៏បានទស្សនាវិមានឈ្នះឈ្នះ សារៈមន្ទីរទួលស្លែង និងបានឃើញភាពស្រស់ស្អាត និងការអភិវឌ្ឍនាក្រុងភ្នំពេញទៀត»

សូមបញ្ជាក់ កម្មវិធីទស្សនកិច្ចនេះ ត្រូវបានរៀបចំឡើងដោយសាលាក្ដីខ្មែរក្រហម ដើម្បី ជួយជំរុញដល់ការចងចាំ ការចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញនូវអំពើឃោរឃៅ ដូចក្នុងរបបខ្មែរក្រហមមកលើទឹកដីកម្ពុជាសាជាថ្មី និងចូលរួមការពារសន្ដិភាពដែលកម្ពុជាកំពុងទទួលបាននាសព្វថ្ងៃនេះ។ ចាប់តាំងពីឆ្នាំ២០០៩ រហូតមកដល់ឆ្នាំ ២០២៤ នេះ មានសាធារណៈជនជាតិ និងអន្តរជាតិជាង ៦៥ ម៉ឺននាក់ ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា ក្រោមការសម្របសម្រួល និងរៀបចំដោយផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕