(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងមហាផ្ទៃ លើការងារសិទ្ធិមនុស្ស។

នេះបើយោងតាមខ្លឹមសារព័ត៌មានរបស់នាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ក្រសួងមហាផ្ទៃ ចេញផ្សាយក្រោយជំនួបរវាងឧបនាយករដ្ឋមន្ដ្រី ស សុខា និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃជំនួប លោកអភិសន្ដិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានលោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ដែលបានឆ្លៀតពេលវេលាដ៏ មានតម្លៃក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា មកជួបពិភាក្សាការងារ។

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកសាស្ត្រាចារ្យ បានលះបង់កម្លាំងកាយ និងស្មារតី ដោយបានបំពេញតួនាទី យ៉ាងសកម្ម ព្រមទាំងបានរួមចំណែកដ៏សំខាន់ដល់កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងអង្គការសហប្រជាជាតិ។

លោកបានថ្លែងអំណរគុណចំពោះ អង្គការសហប្រជាជាតិ ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជា និងបន្តផ្តល់ការគាំទ្រ តាមរយៈការធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស, ការពង្រឹង សមត្ថភាពជាតិ, ជាពិសេសការជួយគាំទ្រកម្ពុជាក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកល នៃការអភិវឌ្ឍប្រកបដោយចីរភាពឲ្យស្របទៅនឹងបរិការណ៍កម្ពុជា ដើម្បីជំរុញការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានសហការជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសហប្រជាជាតិ ព្រមទាំងការប្ដេជ្ញាចិត្ត និងឆន្ទៈរបស់ក្រសួងមហាផ្ទៃ លើកិច្ចការនានា ជាពិសេសកិច្ចការសិទ្ធិមនុស្ស។

ក្នុងជំនួបនេះផងដែរ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកសាស្ត្រាចារ្យ Vitit Muntarbhorn បានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះ លទ្ធផលប្រកបដោយផ្លែផ្កា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ៕