(ភ្នំពេញ)៖ ​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា អញ្ជើញធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម កាលពីម្សិលមិញ។

នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលរៀបចំឡើងនៅប្រទេសវៀតណាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញនាំយកនូវកូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធថ្នាក់ជាតិ ដែលប្រារព្វធ្វើឡើងនៅសាលកម្កល់សពថ្នាក់ជាតិ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong ជាលើកចុងក្រោយ និងជាការជូនដំណើរសព លោក Nguyen Phu Trong ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong បន្ទាប់ពីអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមរូបនេះ បានទទួលមរណភាពកាលពីថ្ងៃសុក្រទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយជរាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ៕