(វៀតណាម)៖ រដ្ឋាភិបាលវៀតណាម បានឯកភាពតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០។

ការសម្រេចរបស់រដ្ឋាភិបាលវៀតណាម បានធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម អំឡុងពេលអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ្វូ៊ជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

សេចក្តីប្រកាសរបស់គណបក្សប្រជាជនកម្ពុជា ស្តីពីលទ្ធផលរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេស​វៀតណាមលើកនេះ បានឱ្យដឹងថា «ភាគីវៀតណាម ឯកភាពតាមសំណើរបស់សម្តេចតេជោ ដើម្បីបន្តផ្គត់ផ្គង់អគ្គីសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ និងបង្កើនការផ្គត់ផ្គង់ថាមពលរហូតដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការក្នុងដំណាក់កាលនៃការអភិវឌ្ឍឧស្សាហកម្ម ៤.០»។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជូនពរគ្នាទៅវិញទៅមក និងបញ្ជាក់ នូវទំនុកចិត្តដែលកើតចេញពីការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដូច្នេះហើយភាគីទាំងពីរនឹងបន្តពូនជ្រុំនូវ មិត្តភាពនេះ ឱ្យបានយូរអង្វែងបន្តទៀត ជាពិសេសប្រពៃណីដែល នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម តែងតែជួបគ្នាគ្រប់ពេលវេលា និងគ្រប់វេទិកាអន្តរជាតិ។

ភាគីទាំងពីរ បន្តគាំទ្រគ្នានិងបំពេញគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់មានការកើនឡើង ជាពិសេសភាគីកម្ពុជា ជូនពរភាគីវៀតណាមឱ្យសម្រេចបានជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៣០ និងជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។

ភាគីវៀតណាម ក៏បានជូនពរកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្តេចតេជោ និងការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ៕