(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន គណៈប្រតិភូអ្នកវិនិយោគិនរបស់សាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក លោក Park Bong-gyu បានជម្រាបជូនពីគោលបំណងចង់សិក្សាស្វែងយល់ពីសក្តានុពលរបស់ប្រទេសកម្ពុជា ដើម្បីពិចារណាលើវិនិយោគពាក់ពន័្ធវិស័យបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងប្រព័ន្ធអេឡិចត្រូនិច។

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើបទបង្ហាញខ្លីអំពីសក្តានុពលរបស់កម្ពុជា ទាក់ទងធនធានមនុស្ស វិស័យឧស្សាហកម្ម កសិកម្ម ឱកាសបង្កើតការងារ កាលានុវត្តភាពសម្រាប់ការវិនិយោគលើវិស័យនានាជាច្រើននៅប្រទេសកម្ពុជា។

លោក Park Bong-gyu បានជម្រាបជូនថា គណៈប្រតិភូវិនិយោគិនសាធារណរដ្ឋកូរ៉េ មានបំណងចង់ធ្វើកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ដើម្បីរៀបចំសន្និសីទធំមួយ សម្រាប់ធ្វើការផ្លាស់ប្តូរបទពិសោធន៍ និងនាំយកនូវអ្នកវិនិយោគិនពីសាធារណៈរដ្ឋកូរ៉េ មកទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលសំខាន់ៗ សម្រាប់វិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីការចូលរួមសហការ និងជួយធ្វើការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល ដែលជាផ្នែកសំខាន់ទាក់ទងកិច្ចការវិនិយោគគិន៕