(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងផ្សារមូលបត្រកម្ពុជា បានរៀបចំវេទិកាកម្ពុជា៤.០ លើកទី៣ ស្តីពី «បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា» ក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

វេទិកានេះមានការអញ្ជើញចូលរួមពីឧកញ៉ា លោក លោកស្រី ជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន គ្រឹះស្ថានហិរញ្ញវត្ថុ និងសមាគមពាក់ព័ន្ធនានា។

វេទិកានាថ្ងៃនេះ គឺជាការយកចិត្តទុកដាក់ និងការចូលរួមជំរុញ បង្កើនការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាដើម្បីទាញអារម្មណ៍តួអង្គនានា ឲ្យផ្តោតលើសារៈសំខាន់នៃវិស័យនេះចំពោះសេដ្ឋកិច្ច និងសង្គមកម្ពុជា។ 

នាឱកាសថ្លែងសុន្ទរកថាគន្លឹះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឲ្យកត់សម្គាល់ ក្នុងនោះ សេដ្ឋកិច្ច សង្គមឌីជីថលបានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ដោយបច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្របសម្រួលការផ្លាស់ប្តូរនេះ ជាមួយនឹងការលូតលាស់ឥតឈប់ឈរទាំងក្នុងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

បន្ថែមពីនេះ ការកើនឡើងនៃការប្រើប្រាស់ការទូទាត់សងប្រាក់ឌីជីថល ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងពីសំណាក់ប្រជាពលរដ្ឋក៏មានការកើនឡើងជាលំដាប់។ 

ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលលូតលាស់ដំបូងនៅឡើយ និងមិនទាន់មានតុល្យភាពរវាងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

ក្នុងន័យនេះ ប្រធានបទនៃវេទិកាកម្ពុជា ៤.០ លើកទី៣ ផ្តោតសំខាន់លើបច្ចេកវិទ្យាហិរញ្ញវត្ថុដោយហេតុថា ភាពជឿនលឿននៃបច្ចេកវិទ្យា គួបផ្សំនឹងការយល់ដឹងពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ី, គោលនយោបាយគាំទ្រនានាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ សម្រាប់ជំរុញការចាប់យក និងពង្រីកបន្ថែមនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

លោក ហ៊ុន ម៉ានី ក៏បានចែករំលែកនូវទស្សនៈជាធាតុចូលមួយចំនួន ដូចជា ការបង្ហាញពីការយល់ឃើញលើវឌ្ឍនភាព និងសម្ទុះនៃការរីកចម្រើនរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ការលើកទឹកចិត្តឲ្យវិស័យឯកជន បន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រ នៃការប្រើប្រាស់ និងគ្រប់គ្រងលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងស្ថាប័នខ្លួន និងចូលរួមជាមួយភាគីពាក់ព័ន្ធនានា, ការជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តគិតគូរបន្ថែមទៀត លើការរៀបចំ និងជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី ជាមួយបរិស្ថានអំណោយផលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ការជំរុញឲ្យគ្រប់តួអង្គពាក់ព័ន្ធ នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ បន្តកិច្ចសហការជិតស្និទ្ធ និងធ្វើការបំពេញឲ្យគ្នាទៅវិញទៅមកបន្ថែមទៀត និងលើកទឹកចិត្តឲ្ហអាជីវកម្មត្រូវមានភាពច្នៃប្រឌិត និងមានកិច្ចសហការជាមួយដៃគូវិនិយោគនានា ដើម្បីឲ្យវិស័យឯកជនអាចរីកចម្រើនអស់ពីសក្តានុពល៕