(ភ្នំពេញ)៖ ការទូតសភាជាការងារសំខាន់មួយ របស់រដ្ឋសភានៅក្នុងការនាំ នូវផលប្រយោជន៍រួមជូនប្រជាពលរដ្ឋនិងប្រទេសជាតិ បន្ថែមលើមុខងារទំាងបីរបស់រដ្ឋសភា មានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងប្រជាពលរដ្ឋ។

រយៈពេលជាង៣ ខែមកនេះ ពោលគឺនៅក្នុងរយៈពេលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ពីខែមេសា រហូតមកដល់ចុងខែកក្កដាឆ្នាំ២០២៤នេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពេញការងារការទូតសភា យ៉ាងសកម្ម ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ។

សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាតិ អន្តរជាតិ ជាពិសេសឯកអគ្គរាជទូតនិងរដ្ឋទូតបណ្តាប្រទេសនានាជាមិត្តបានចំនួន១៤លើក និងបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសថៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្ត” ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរឱ្យកាន់តែសកម្ម គ្រប់ជ្រុងជ្រោយ ស្របតាមបរិបទជាក់ស្តែង ក្នុងការនាំមកនូវផលប្រយោជន៍ ជូនពលរដ្ឋទំាងសងខាង។

រដ្ឋសភា បានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ដោយឈរគោលការណ៍ឯករាជ្យ អធិបតេយ្យ ការគោរពច្បាប់អន្តរជាតិ ភាពស្មោះត្រង់ ស្មើភាព សាមគ្គីភាព ផ្តល់ទំនុកចិត្តគ្នាទៅវិញទៅមក។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាការទូតសភា ជាផ្នែកដ៏សំខាន់ នៅក្នុងការលើកកម្ពស់គោលការណ៍ពហុនិយម នៅក្នុងបរិបទដែលសកលលោកមានការប្រែប្រួល ប្រកួតប្រជែងយ៉ាងឆាប់រហ័ស ពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងការប្រឈមជាមួយនឹងការាតត្បាតជំងឺឆ្លង ការប្រែប្រួលអាកាសធាតុផងដែរ។ សម្តេចប្រធានរដ្ឋសភា តែងតែគូសបញ្ជាក់ថា យន្តការសន្ទនា របស់រដ្ឋសភាជាមធ្យោបាយសំខាន់ នៅក្នុងការធានា ការពារសុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។

បេសកកម្មការទូតសភារបស់ប្រធានរដ្ឋសភាកម្ពុជា ដែលជាស្រ្តីដំបូងគេនៅកម្ពុជា ក៏ដូចជាសមាជិកសមាជិការដ្ឋសភាដទៃទៀត មិនមែនសម្រាប់តែពលរដ្ឋកម្ពុជានោះទេ គឺសម្រាប់មនុស្សជាតិជាសកល។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ ការទទួលបានសុខសន្តិភាពរបស់កម្ពុជានាពេលបច្ចុប្បន្ន បានមកដោយលំបាក។ នៅក្នុងនោះឥស្សរជនស្នេហាជាតិ សំខាន់ៗ មានសម្តេចតេជោ ហ៊ុន សែន ជាដើម បានយកអាយុជីវិត ធ្វើជាដើមទុននៅក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា ហើយបាន ដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទំាងស្រុងនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៨មក។ សន្តិភាពមានតម្លៃណាស់ សម្រាប់កម្ពុជា ដែលមិនអាចឱ្យបាត់បង់ទៅវិញនោះឡើយ។ ដោយឆ្លងកាត់នូវសោកនាដកម្ម វិនាសកម្មនិងផលលំបាកពីសង្រ្គាម កម្ពុជាមិនចង់ឱ្យមិត្តភ័ក្តិនានាក្នុងសកលលោក ជូបប្រទះនូវសង្រ្គាមដូចកម្ពុជានោះឡើយ។

សភាបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលជាការរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍ។ ក្នុងក្របខណ្ឌការទូសភាកម្ពុជាវិញ រហូតមកដល់ពេលនេះ រដ្ឋសភាកម្ពុជា គឺជាសមាជិកវេទិការអន្តរសភាជាច្រើន មានអន្តរសភាអាស៊ាន (AIPA) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣០ (APPF) -សហភាពអន្តរសភា Inter-Parliamentary Union (IPU) សភាតំបន់អាស៊ី (APA) ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP) សភានិយាយភាសាបារាំង (APF) ជាដើម។ ក្រៅពីនេះ រដ្ឋសភាកម្ពុជាបានបង្កើតក្រុមមិត្តភាពរដ្ឋសភា ជាមួយរដ្ឋសភាបណ្តាលប្រទេសជាមិត្តបានចំនួនជាង១៦០ប្រទេសថែមទៀតផង។

តាមរយៈការងារការទូតសភានេះ មិនត្រឹមនាំមកនូវការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយប្រទេសក្នុងពិភពលោក និងការលើកកម្ពស់កិត្យានុភាព និងតួនាទីកម្ពុជាក្នុងឆាកអន្តរជាតិប៉ុណ្ណោះទេ។ប៉ុន្តែចំណងការទូតសភានេះ បានភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើនជូនប្រទេសជាតិ ដូចជាការវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ សុខាភិបាល ទេសចរណ៍ ព្រមទំាងការផ្លាស់ប្តូរវប្បធម៌ផងដែរ។

នៅពេលជួបពិភាក្សាការងារ ឬចូលរួមវេទិកាអន្តរសភានានា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិកសមាជិកាទំាងអស់ មិនដែលភ្លេចការស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជានោះទេ ដូចជាស្វែងរកការវិនិយោគពីបរទេស ការទាក់ទាញអ្នកទេសចរ ការស្វែងរកអាហារូបករណ៍សម្រាប់សិស្ស និស្សិតនិងមន្រ្តីរាជការ ទីផ្សារសម្រាប់កសិផល និងការលើកកម្ពស់វិស័យកសិកម្ម ជូនកសិករ ជាដើម ពោលគឺរដ្ឋសភា តែងតែយកប្រជាពលរដ្ឋជាអាទិភាពឬជាស្នូល៕