(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជំរុញឲ្យពង្រឹងការសិក្សាមុខវិជ្ជាភាសាខ្មែរ សម្រាប់សិស្សានុសិស្សនៅថ្នាក់បឋមសិក្សា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា អាណត្តិដំបូងនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងជំរុញពង្រឹងបឋមសិក្សាឲ្យកាន់តែរឹងមាំ ដើម្បីឈានទៅកម្រិតផ្សេងទៀត។

យោងតាមការថ្លែង នៅព្រឹកថ្ងៃសៅរ៍​ ទី២៧​ ខែកក្កដា​ ឆ្នាំ២០២៤ ពីខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសិស្សសាលា ត្រូវមានទាំងចំណេះដឹង សីលធម៌ និងគុណធម៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កូនខ្មែរ ត្រូវចេះភាសាខ្មែរ និងគណិតឲ្យខ្លាំង ឲ្យរឹងមាំ ព្រោះបើមិនអីចឹងទេ យើងពិបាក។ អីចឹងបាននៅសាលាឯកជនបរទេសខ្លះ ថ្ងៃមុនខ្ញុំឲ្យក្រសួងអប់រំធ្វើម៉េច សាលាបរទេសក៏ដោយ ស្អីក៏ដោយ ត្រូវតែដាក់ភាសាខ្មែរឲ្យកូនខ្មែររៀន អាហ្នឹងខ្ញុំបញ្ជាឲ្យបាន។ សម្រាប់យើង ខ្ញុំគិតថា បឋមសិក្សានេះគឺដូចគ្នា ព្រោះក្មេងជាក្រដាស «ស» អីចឹងលោកគ្រូអ្នកគ្រូ ឪពុកម្តាយគិតមើល ម្ង៉ៃយើងមានតែ ២ម៉ោង បើយើងយកតែពាក់កណ្តាលនេះទៅរៀនភាសាអង់គ្លេសហើយ យើងនៅសល់តែ ១ម៉ោងទៀតសម្រាប់បំប៉នគណិត បំប៉នជំនាញផ្សេងៗ បំប៉នភាសាខ្មែរ។ អានេះ គឺយើងថ្នាក់តូច ដល់ថ្នាក់ទី៤ ដូចយើងបន្ថែមទៀត»។

សម្តេចបានបន្តថា «ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំគិតថា ចំណេះដឹងទូទៅរបស់គាត់សំខាន់ បានន័យថា គាត់រៀនចំណេះដឹងទូទៅ ភាសាអង់គ្លេសល្អហើយ ប៉ុន្តែដំណាក់កាលនេះ សម្រាប់យើងមិនទាន់ទៅដូច ប៊ែលធី អីគេរៀនជាភាសាអង់គ្លេស។ ខ្ញុំថា ត្រូវតែពង្រឹងភាសាខ្មែរ និងគណិត។ អីចឹង ម៉ោងយើងដាក់ឲ្យគាត់ស្គាល់ A B C អីទេ សម្រាប់ពីថ្នាក់ទី១ ដល់ទី៣។ តើមានឪពុកម្តាយណាខ្លះ ដែលចង់ពង្រឹងភាសាខ្មែរ និងគណិត ដើម្បីឲ្យកូនមានមូលដ្ឋាន ទៅកម្រិតវិទ្យាល័យ? ទាំងអស់ (មានច្រើន»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការភ្ជាប់ទំនាក់ទំនងរវាងគ្រូបង្រៀន ជាមួយអាណាព្យាបាលជារឿងសំខាន់ ដើម្បីដឹងអំពីស្ថានភាពរបស់សិស្ស។

សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចធិបតី។

លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម៕