(កំពង់ឆ្នាំង)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្ដខិតខំប្រឹងប្រែងពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នានៅពេលខាងមុខ។

ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងជំនួបជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ ពេលចុះដោយមិនជូនដំណឹងជាមុន ដើម្បីពិនិត្យការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.)។

ក្នុងជំនួបនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) បានចាប់ផ្ដើមជំហានដំបូងពីបឋមសិក្សា ដោយជ្រើសរើសសាលាបឋមសិក្សា ចំនួន៤២ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន៩ ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងគុណភាព។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកត់សម្គាល់អំពីភាពគំរូរបស់សាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ សម្ដេចបានឲ្យលោកគ្រូ អ្នកគ្រូ នៃសាលាមួយនេះបានប្រមូលផ្ដុំបទពិសោធន៍ ដើម្បីយកទៅអនុវត្តបន្ដទៀតនៅសាលាផ្សេងៗ ហើយឈានទៅអនុវត្តនៅទូទាំងប្រទេសតែម្ដង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍យ៉ាងដូច្នេះថា «បឋមសិក្សាស្ដង់ដាររៀន (មេរៀន) របស់យើងដូចគ្នា ប៉ុន្ដែការអនុវត្ត និងស្ដង់ដារសិស្សខុសគ្នា ដូច្នេះនៅថ្ងៃខាងមុខយើងខិតខំប្រឹងប្រែងដើម្បីឲ្យស្ដង់ដារស្រដៀងៗគ្នា។ ប៉ុន្ដែជាមួយគ្នានេះ យើងឃើញសាលាច្រើនណាស់នៅទូទាំងប្រទេស ដែលចាប់ផ្ដើមមានស្ដង់ដារសាលាល្អ សាលាគំរូ។ ខ្ញុំឃើញលេចធ្លោជាងគេសាលាវត្តបូព៌ នៅខេត្តសៀមរាប។ ខ្ញុំគិតថា ប្រសិនបើយើងមានស្ដង់មួយដែលលោកគ្រូ អ្នកគ្រូ ដាច់ដោយដុំបានដាក់ហើយ ត្រូវយកមកផ្ដុំគ្នា រួចចែកនៅគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស»

បើតាមប្រសាសន៍របស់សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ការអប់រំជារឿងសំខាន់ ដោយសារគ្រប់គ្នាចាប់ផ្ដើមពីបឋមសិក្សា ហើយគោលដៅនេះសម្ដេចធ្លាប់បានគិតតាំងពី មុនកាន់តំណែងជានាយករដ្ឋមន្ដ្រីម្ល៉េះ ពោលចាត់ទុកធនធានមនុស្សជារឿងសំខាន់ ដែលត្រូវមានមូលដ្ឋានរឹងមាំដោយត្រូវពង្រឹងពីក្រោមឡើង ទាំងចំណេះដឹង ឥរិយាបថ សីលធម៌ក្នុងសង្គម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចាប់ផ្ដើមជំហានទី១ នៃការអនុវត្តវិធានការគន្លឹះនេះសម្រេចយកបឋមសិក្សា តែមិនមែនមានន័យថាក្រសួងអប់រំ យុវជន និងកីឡា មិនយកចិត្តទុកដាក់ពង្រឹងមត្តេយ្យ ឬអនុវិទ្យាល័យនោះទេ ពោលទាំងកម្មវិធីសិក្សា និងគុណភាពគ្រូត្រូវពង្រឹងដូចគ្នា។ ក្រៅពីចំណេះដឹងហើយនោះ សីលធម៌ និងគុណធម៌ ត្រូវការជាចាំបាច់ក្នុងការពង្រឹងឲ្យប្រសើរឡើងដូចគ្នាផងដែរ។

សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានទេសរដ្ឋមន្ដ្រី ពេជ សោភ័ណ ជាប្រធានលេខាធិការដ្ឋាន។

លេខាធិការដ្ឋាន គ.វ.អ. ជាសេនាធិការក្នុងការដឹកនាំ សម្របសម្រួល និងជួយបំពេញបន្ថែមលើចំណុចខ្វះខាត ក្នុងវិស័យអប់រំកន្លងមក សំដៅឈានទៅសម្រេចតាមគោលដៅ នៃវិធានការគន្លឹះ ដែលត្រូវអនុវត្តនូវសកម្មភាពសំខាន់ៗមានជាអាទិ៍៖ ការជ្រើសរើសសាលារៀនគោលដៅកម្រិតបឋមសិក្សា, ការជ្រើសរើសគ្រូបង្គោល ដែលជាអតីតនាយកសាលាធ្លាប់មានស្នាដៃល្អ, ការចងក្រស្នាដៃនៃឧត្តមានុវត្តរបស់សាលាជោគជ័យ និងផ្តល់វគ្គបណ្តុះបណ្ដាលគ្រូបង្គោល, ការចុះអនុវត្តវគ្គគាំទ្រដល់សាលាគោលដៅផ្ទាល់, ព្រមទាំងការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល ជាដើម។

កន្លងមកលេខាធិការដ្ឋាន គ.វ.អ. បានជ្រើសរើសអតីតនាយកសាលាចូលនិវត្តន៍ដែលស្នាដៃដឹកនាំល្អចំនួន២២ រូបដើម្បីជួយផ្តល់វគ្គគាំទ្រ ចែករំលែកបទពិសោធ ចំណេះដឹង និងការអនុវត្តជាក់ស្តែងដល់សាលាគោលដៅចំនួន៤២សាលា ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមរាជធានីខេត្តចំនួន ៩ ដើម្បីដាក់ឲ្យអនុវត្តនូវវិធានការគន្លឹះ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឆន្ទៈទទួលខុសត្រូវខ្ពស់៕