(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រជានេសាទ ដែលរស់នៅលើផ្ទៃទឹកបឹងទន្លេសាប នាពេលបច្ចុប្បន្ននេះ ទទួលបានសមិទ្ធផលធំៗជាច្រើន ទាំងផ្ទាល់ និងទាំងប្រយោលពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដូចជា សាលារៀន ផ្លូវថ្នល់ មណ្ឌលសុខភាព បណ្តាញភ្លើងអគ្គិសនី និងសូឡាប្រើពន្លឺព្រះអាទិត្យ ដាក់នៅតាមទូក លំនៅដ្ឋាន និងទីសាធារណៈ មិនចាញ់ប្រជាពលរដ្ឋនៅក្នុងទីប្រជុំជននោះឡើយ។

លោកបណ្ឌិត ប្រាំង ជលសា បានលើកឡើងបែបនេះ នៅបរិវេណវត្តមុន្នីសាគរ «ហៅវត្តរាំងទិល» ក្នុងពិធីជួបសំណេះសំណាល និងចែកអំណោយ ជូនដល់ប្រជានេសាទ ឃុំរាំងទិល ចំនួន៣២០គ្រួសារ ដែលជួបការខ្វះខាតស្បៀង ក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន ពិសេសក្នុងអំឡុងរដូវបិទនេសាទ ដោយបានការចូលរួមពីលោក គង់ ពុទ្ធី ប្រធានក្រុមការងារចុះជួយឃុំស្យា និងឃុំរាំងទិល និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

លោកប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានបន្តថា ឃុំរាំងទិល កាលពីសម័យមុនៗ គឺមិនទាន់មានការអភិវឌ្ឍនោះឡើយ ទើបតែនាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងដោយមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាបានគិតគូ និងយកចិត្តទុកដាក់ខ្ពស់ជំរុញការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់របស់ប្រជានេសាទ ដែលកំពុងរស់នៅក្នុងតំបន់នេះឱ្យកាន់តែមានជីវភាពល្អប្រសើរ កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកបណ្ឌិត ប្រាំង ជលសា បានបន្តទៀតថា ប្រជានេសាទស្ទើរតែគ្រប់ក្រុមគ្រួសារ ពឹងផ្អែកទាំងស្រុងទៅលើការនេសាទសម្រាប់ដោះស្រាយ និងចិញ្ចឹមជីវិតប្រចាំថ្ងៃ ដើម្បីឱ្យមុខរបរមួយនេះទទួលបាននូវគុណប្រយោជន៍ច្រើនទាំងពេលនេះ និងទៅថ្ងៃអនាគត សូមប្រជានេសាទចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលនៅក្នុងបឹងទន្លេសាបឱ្យកាន់តែសម្បូរបែបសម្រាប់កូនចៅយើងក្រោយៗទៀត។ ជាងនេះទៅទៀត ត្រូវចូលរួមគោរពច្បាប់ឱ្យបានទាំងអស់គ្ន នារដូវបិទនេសាទ ដែលជារដូវត្រីពងកូន និងត្រូវចូលរួមដាំបន្លែបង្ការ តាមខ្នងផ្ទះបណ្តែតទឹក តាមដែលអាចធ្វើទៅបាន។

លោកបណ្ឌិត ប្រាំង ជលសា ក៏បានដាំដើមឈើជានិម្មិតរូប រួមមានដើមត្នោត ដើមឬស្សីផ្អែកនៅទីទួលស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំរាំងទិល ទុកជាម្លប់សម្រាប់ឱ្យប្រជានេសាទជ្រកកោណ និងអាស្រ័យផលប្រើប្រាស់ទៅអនាគតផងដែរ៕