(កំពង់ធំ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា លោកជំទាវ ឈីវ ភិរម្យ និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌនិងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលប្រជុំអគារ A នៃសាលាខេត្តកំពង់ធំ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមដោយ អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត គណៈអភិបាលក្រុងស្ទឹងសែន ក្រុមប្រឹក្សាក្រុង នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានការិយាល័យចំណុះមន្រ្តីសាលាក្រុង មេបញ្ជាការកងរាជអាវុធហត្ថក្រុង បញ្ជាការរង អធិការនគរបាលក្រុង អធិការរង នាយបុស្តិ៍នគរបាល ចៅសង្កាត់ទាំង៨ ក្រុមប្រឹក្សាសង្កាត់ ព្រមទាំងថ្នាក់ដឹកនាំភូមិទាំងអស់នៅក្នុងក្រុងស្ទឹងសែន និងក្រុមការងាររៀបចំគម្រោងមេធាវីដល់មូលដ្ឋាន សរុបចំនួនជិត ៣០០នាក់។

នាឱកាសនោះ លោក នួន ផារ័ត្ន បានថ្លែងអំណរគុណ លោក លី ច័ន្ទតុលា ដែលបានជ្រើសរើសយកខេត្តកំពង់ធំ ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ជាពិសេសគឺការផ្សព្វផ្សាយអំពី សេវាមេធាវីការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ។ លោកអភិបាលខេត្ត បានសំណូមពរឱ្យសមាជិកដែលចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមគ្រូបង្គោលរបស់គណៈមេធាវី ដើម្បីជាប្រយោជន៍ក្នុងការយកទៅអនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួន។

ក្នុងឱកាសនេះ លោកប្រធានគណៈមេធាវី បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖

* ទី១៖ ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
* ទី២៖ ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
* ទី៣៖ ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
* និងទី៤៖ បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។

បើតាមលោក លី ច័ន្ទតុលា ការផ្សព្វផ្សាយផ្ទាល់ជាមួយនឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេស គឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ជាចុងក្រោយ លោកប្រធានគណៈមេធាវី បានថ្លែងអំណរគុណ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងគោរពថ្លែងអំណរគុណ លោក នួន ផារ័ត្ន និងលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន ដែលបានជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី៕