(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤​ ខាងមុខនេះ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបើកការដ្ឋានជីកព្រែកជាផ្លូវការ ក្រោមអធិបតីភាពសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ នេះគឺជាព្រឹត្តិការណ៍មួយដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំ នូវសមត្ថផលប្រវត្តិសាស្រ្តមួយនេះ។

ព្រែកជីកហ្វូណនតេជោ ត្រូវបានតភ្ជាប់ពីដៃទន្លេមេគង្គ ទៅផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក មានទីតាំងចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

តាមការប៉ាន់ស្មាន មានប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)

ដូច្នេះថាតើ ព្រែកជីកហ្វូណនតេជោនេះ ផ្ដល់នូវផលចំណេញអ្វីខ្លះដល់ប្រទេស និងប្រជាជនកម្ពុជា? ហេតុអ្វីព្រែកជីកនេះ មានតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់កម្ពុជា?

នៅសប្តាហ៍នេះ Fresh Talk មានវាគ្មិន២រូប នឹងចូលរួមពិភាក្សា ក្នុងនោះរួមមាន៖
- លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ

ដូច្នេះសូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយនៅលើទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕