(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាព័ត៌មាន Fresh News (FTC) បានបង្ហាញនូវគន្លឹះងាយៗចំនួន៨ចំណុច ដើម្បីឲ្យអ្នកសារព័ត៌មានអាចសរសេរ Feature Story បានល្អ និងទាក់ទាញ។ ការបង្ហាញរបស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះបានធ្វើឡើងនៅក្នុងថ្នាក់សិក្សា អំពីរបៀបសរសេរព័ត៌មាន ជំនាន់ទី៧ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន FTC នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។

ចំណុចទាំង៨ ដែលលោក ម៉ារ យ៉ារិទ្ធិ បានបង្ហាញនោះមានដូចជា៖ ការជ្រើសរើសជ្រុងឬមុមនៃរឿងមួយ ឬប្រធានបទមួយដែលប្លែកនិងទាក់ទាញ, ធ្វើការស្រាវជ្រាវឱ្យពេញលេញ, ធ្វើឱ្យរឿងមានមនុស្សកាន់តែជក់ចិត្ត, បង្កើត Lead ដ៏ខ្លាំងមួយ, រៀបចំលំដាប់លំដោយរបស់រឿង, ប្រើវិធីពណ៌នារៀបរាប់, បញ្ចូល Quotes និងរឿងខ្លីៗ និងផ្តល់នូវការបញ្ចូលអារម្មណ៍។

ប្រធាន FTC បញ្ជាក់បន្ថែមថា៖ ដើម្បីសរសេររឿង Feature មួយឱ្យបានចេញជារូបរាង គឺយើងត្រូវយល់អំពីរឿងនោះបាន សព្វគ្រប់ជាមុន។ មានន័យថាពីដើមទល់ចប់នៃសាច់រឿង គឺយើងបានយល់និងដឹងអំពីភាព ទាក់ទងរបស់វាបានសព្វគ្រប់ទាំងអស់។ យើងដឹងថាសាច់រឿងនោះ មានលក្ខណៈសំខាន់ ដែលគេចង់ដឹងនោះ នៅត្រង់កន្លែងណា? ហើយយើងចាប់ផ្តើមសរសេរដើម្បីឱ្យទស្សនិកជន ឃើញនូវភាពសំខាន់នោះដូចអ្វីដែលយើងបានឃើញនិងចាប់អារម្មណ៍។

គួរជម្រាបថា អត្ថបទ Feature គឺជាលក្ខណៈអត្ថបទសរសេរក្តោបសាច់រឿងសំខាន់។ ជារឿងនានាដែលកើតឡើងលើពិភពលោកនេះ ឬជារឿងទាក់ទងនឹងពិភពលោក ជារឿងស្រាល ទន់ឬរឹង ឬរឿងនានាទាំងឡាយដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍។ ភាពពិសេសរបស់អត្ថបទនោះ វាអាចធ្វើឱ្យមនុស្សយំឬសើចផងដែរ៕