(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្ដមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំ នាយទាហាន អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាមវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជំនាន់ទី៤ ឆ្នាំ២០២៣ ចូលរួមអបអរសាទរ បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។

ពិធីនេះធ្វើឡើងនៅអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។

នាឱកាសនេះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានមានប្រសាសន៍ថា ដោយអនុវត្តតាមសេចក្ដីណែនាំ របស់ក្រសួងការពារជាតិ អគ្គលេខាធិការដ្ឋាន បានរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង អបអរសាទរ និងសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ប្រកបដោយមោទកភាព ចំពោះជាតិ ដែលសម្រេចបាននូវសមិទ្ធផលថ្មី យ៉ាងត្រចះត្រចង់ នៅពេលបច្ចុប្បន្ន និងទៅអនាគតរាប់ពាន់ឆ្នាំទៅមុខ សម្រាប់កូនខ្មែរគ្រប់ៗរូប។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បន្តថា ពិតណាស់ ព្រែកជីកនេះ នឹងបង្កើតបណ្តាញផ្លូវទឹកបន្ថែមពីលើផ្លូវទឹកដែលមានស្រាប់ តាមទន្លេ ឬសមុទ្រ ហើយមានគោលបំណងធំបំផុត សម្រាប់បម្រើលើវិស័យ ពាណិជ្ជកម្ម ការដឹកជញ្ជូន ចេញទៅកាន់ច្រកសមុទ្រអន្តរជាតិបានរហ័ស។ ការបង្កើតបណ្តាញផ្លូវទឹក ឬព្រែកជីក មិនមែនជារឿងថ្មីនោះទេ នៅតំបន់ឥណ្ឌូចិននេះ ព្រែកជីកមានតាំងពីសម័យអាណាចក្រហ្វូណន ឬនគរភ្នំ មកម៉្លេះ ដូចជាកំពង់ផែអូរកែវ ត្រូវបានតភ្ជាប់ព្រែកជីកអូរកែវ ទៅកាន់ច្រកសមុទ្រ ដើម្បីធ្វើពាណិជ្ជកម្ម រវាងអាណាចក្រហ្វូណន ជាមួយអាណាចក្រផ្សេងៗទៀត។ ក្នុងនោះ កាត់បន្ថយការពឹងពាក់ បង្កើនភាពម្ចាស់ការ បើយើងខ្ចីដង្ហើមគេដក យើងមិនអាចខ្លាំងបាននោះទេ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានគូសបញ្ជាក់ថា ក្រោមគំនិតផ្ដួចផ្ដើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គម្រោងនេះ បាននឹងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយថ្ងៃនេះ រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាព្រឹត្តិការណ៍ និងជាមរតកប្រវត្តិសាស្រ្ត សម្រាប់ប្រជាជនកម្ពុជាទាំងមូលតទៅរាប់ពាន់ឆ្នាំតទៅមុខ។ ក្នុងនាមអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ សូមចូលរួមអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង និងចងចាំទុកជាប្រវត្តិសាស្រ្ត ក្នុងស្មារតីសាមគ្គីភាព មនសិការជាតិខ្មែរដ៏រឹងមាំ ក្រោមម្លប់សន្ដិភាព និងការអភិវឌ្ឍ។

ក្នុងឱកាសនោះផងដែរ នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានកោតសេសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឧត្ដមសេនីយ៍ទោ ហៀ ហ៊ីន នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល  នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំ ចាត់ចែងរៀបចំទីកន្លែងប្រារព្ធពិធីបានយ៉ាងល្អប្រសើរ៕