(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ រួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា ជីប ម៉ុង រៀបចំមហាព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia ដែលមានការប្រមូលផ្ដុំនូវរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តអង្គរ ខេត្តសៀមរាប។
កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដោយលោក ទៀ ស្យាម ស្ថាបនិក Cambodia Car Cultures ឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ឧកញ៉ា ខេមរៈ សិរីមន្ត លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា រួមជាមួយតំណាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប មន្ទីរទេសចរណ៍ ក្រុមការងារ GUMBALL 3000 មកពីចក្រភពអង់គ្លេស និងមន្ត្រីក្រសួងទេសចរណ៍ បានចុះត្រួតពិនិត្យទីតាំងផ្ទាល់នៅសហគមន៍ទេសចរណ៍កំពង់ឃ្លាំង រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តអង្គរនាបរិវេណខាងមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន និងមន្ទីពេទ្យកុមារអង្គរ ដើម្បីសំណេះសំណាលជាមួយតំណាងសហគមន៍ និងភាគីពាក់ព័ន្ធអំពីចូលរួមប្រមូលមូលនិធិសប្បុរសធម៌ និងទីតាំងសម្រាប់ត្រៀមបំបែក អគ្គទកម្មពិភពលោកហ្គីណេស ក្នុងព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងរៀបចំឡើងឆាប់ៗនេះឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
ក្នុងឱកាសនៃកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ខាងលើនេះ នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិប្រចាំឆ្នាំដ៏ធំមួយដែលមានការប្រមូលផ្ដុំនូវរថយន្តទំនើបៗប្រមាណ១៥០គ្រឿង បើកបរដោយបុគ្គលមានឥទ្ធិពលជាង២៥០នាក់មកពីជុំវិញពិភពលោក ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយក្នុងតំបន់រួមទាំងកម្ពុជាផងដែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននេះ នឹងមានការដាក់តាំងបង្ហាញរថយន្តទំនើបជាច្រើនរយគ្រឿង អមជាមួយការប្រគំតន្ត្រីខ្នាតអន្តរជាតិ ដែលមានគោលបំណងសំខាន់ៗចំនួន៤៖ ការជំរុញវិស័យទេសចរណ៍កម្ពុជាតាមរយៈកញ្ចប់ទស្សនកិច្ច បើកបរដោយខ្លួនឯង (Self-drive tour) ការចូលរួមចំណែកបរិច្ចាគក្នុងកិច្ចការសប្បុរសធម៌ ការបើកឱកាសជំនួបធុរកិច្ចរវាងវិនិយោគគិនជាតិ-អន្តរជាតិ និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសនៅតំបន់អង្គរ។
លោក គុជ បញ្ញាសា បានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍នេះមានរយៈពេល៣ថ្ងៃលើទឹកដី «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» របស់យើង គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយទៅកាន់ពិភពលោក។ និយាយដោយឡែក ការជ្រើសរើសយកខេត្តសៀមរាបសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះវា គឺជាចូលរួមផ្សព្វផ្សាយសក្តានុពលនៃវិស័យទេសចរណ៍ក្នុងទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរលើឆាកអន្តរជាតិ និងផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប ២០២៤» តាមរយៈបុគ្គលល្បីមកពីជុំវិញពិភពលោក។ នៅលើទឹកដីខេត្តសៀមរាប ព្រឹត្តិការណ៍នេះនឹងមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៦-១៧ ខែកញ្ញា ដោយអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តដោយសេរី និងបរិច្ចាគធនធាន ផ្ទាល់ខ្លួនទោះតិចឬច្រើនទៅតាមលទ្ធភាព ដើម្បីជាការរួមចំណែកជួយដល់កុមារកម្ពុជានៅមន្ទីរពេទ្យកុមារអង្គរ។
សូមបញ្ជាក់ថា ទីតាំងនីមួយៗនៃការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានត្រួតពិនិត្យ និងរៀបចំយ៉ាងយកចិត្តទុកដាក់បំផុត។ ជាក់ស្ដែងនាថ្ងៃទី១-២ ខែសីហា លោករដ្ឋលេខាធិការ គុជ បញ្ញាសា និងឧកញ៉ា លាង ពៅ (ភីធើរ) បានបន្តចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យស្ថានភាពផ្លូវ និងទីតាំងសំខាន់ៗ សម្រាប់ព្រឹត្តិការណ៍នេះ រួមមាន៖ ទីតាំងព្រលានយន្តហោះសៀមរាបចាស់ និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម៕