(ភ្នំពេញ)៖ គិតចាប់ពីដើមឆ្នាំ២០២៤ មកដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ មានបុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ដែលចុះបញ្ជីរឈ្មោះសមាជិកថ្មី ប.ស.ស កើនឡើងរហូតដល់ជាង ២៨ម៉ឺននាក់ហើយ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិរបបសន្តិសុខសង្គម។
ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បញ្ជាក់ថា៖ «ដើម្បីធ្វើប័ណ្ណសមាជិក ប.ស.ស បុគ្គលស្វ័យនិយោជន៍ត្រូវទៅសាខាបេឡាជាតិរបបសន្តិសុខសង្គមផ្ទាល់ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព និងត្រូវមានអាយុក្រោម ៦០ឆ្នាំគិតត្រឹមថ្ងៃចុះបញ្ជី»។
បុគ្គលស្វ័យនិយោជន៍ សំដៅដល់បុគ្គលដែលប្រកបការ ងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្ដល់ដោយនិយោជក ឬក៏រដ្ឋ តាមកិច្ចសន្យាការងារ។
ក្រុមការងារ ប.ស.ស បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការពង្រីកវិសាលភាពជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ប័ណ្ណ ប.ស.ស ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងការកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលយ៉ាងយកចិត្តទុករហូតបានជាសះស្បើយ៕