(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកតាំងគោក នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងារ រួមមាន លោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន និងអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក នាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យទានមួយចំនួន ប្រគេនជូនព្រះសង្ឃ គង់ចាំព្រះវង្សាអស់កាលត្រីមាស ចំនួន ៣វត្ត នៅស្រុកតាំកគោក ខេត្តកំពង់ធំ។
វត្តទាំង ៣ ដែលទទួលបានទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន រួមមានវត្ត វត្តថ្លា វត្តស្រះបន្ទាយ និងវត្តប្រាំងសំរោង ស្ថិតនៅក្នុងឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយវត្តនីមួយៗ ទទួលបាន ទៀនវស្សា០១គូ, អង្ករ១០០គីឡូក្រាម, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, មីចំនួន២កេស, ទឹកត្រី ទឹកស៊ីអ៉ីវ ២យួរ និងថវិកាមួយចំនួន សរុបជាថវិកាអស់ ៣ ០០០០០០រៀល។
គួរបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ជាទម្លាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។
ក្នុងអំឡុងពេលចូលវស្សានេះ មានរយៈពេល៣ខែនេះ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនា ធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងអំឡុងពេលនេះផងដែរ។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធីបុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល ៣ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ដូចជាឪពុក ម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុងរយៈពេល៧ថ្ងៃ៕