(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន និងលោក អ៊ុច បូរិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការប្រកាសសមាសភាព ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានលោក ហេង សួរ ជាប្រធានផងដែរ។
យោងតាមរបាយការណ៍របស់លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានឲ្យដឹងថា ការបំពេញការងារក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ បានឆ្លុះបញ្ចាំង ពីស្មារតីបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សគ្រប់រូបក្នុងការចូលរួមអនុវត្តនូវកម្មវិធី នយោបាយរបស់គណបក្ស និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។
ក្នុងនោះ សម្រេចបានលទ្ធផលដូចជា៖ ការកែសម្រួលក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងបណ្តាផែនការសកម្មភាពជាក់ស្ដែងឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ព្រមទាំងការ ដោះស្រាយបញ្ហាផ្សេងៗនៅមូលដ្ឋានទទួលបានលទ្ធផលប្រកបដោយភាពវិជ្ជមាន គួរជាទីមោទនភាព។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជំនឿរបស់ប្រជាជនលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល កាន់តែមានការកើនឡើង កម្លាំងរបស់គណបក្សប្រឆាំងកាន់តែចុះខ្សោយ និងមាននិន្នាការសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់៕