(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀង ស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិ (UN) សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានអនុម័តជាផ្លូវការ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានរដ្ឋមន្ត្រី ជាសមាជិក សមាជិកានៃរាជរដ្ឋាភិបាលជាច្រើនរូប។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយបានពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនដោយក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់ និង/ឬ ប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់ អនុលោមភាពដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចអនុម័ត ឱ្យបន្តនីតិវិធីក្នុងការស្នើសុំសេចក្តីទុកចិត្តពីស្ថាប័ននីតិប្បញ្ញត្តិ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន និងអាចប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពេលឆាប់ៗខាងមុខ៕