(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចំពោះអាជីវករ ដែលទទួលបានចំណូលដុល ពីការធ្វើអាជីវកម្មក្រោម ២៥០លានរៀល នឹងមិនតម្រូវឱ្យចុះប៉ាត់តង់ ឬប្រកាសពន្ធអ្វីនោះទេ ដើម្បីសម្រួលដល់ការប្រកបរបររកស៊ីរបស់បងប្អូនអាជីវករខ្នាតតូច និងលើកទឹកចិត្តឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធ ចុះឈ្មោះនៅក្នុងប្រព័ន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឱ្យឡើងក្នុងឱកាសដែលសម្តេចបានថ្លែងការណ៍ពិសេសស្តីពី«សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នៃកម្ពុជា (ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤)» នាយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី ដើម្បីឆ្លើយតបទៅនឹងក្តីព្រួយរបស់បារម្ភរបស់ប្អូនអាជីវកម្ម ជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រពន្ធ បន្ទាប់ពីរាជរដ្ឋាភិបាលជំរុញនិងលើកទឹកចិត្តឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះឈ្មោះទៅក្នុងប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូនពួកគាត់។
សម្តេចបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ៣៦០ ស្តីពីការណែនាំ ការអនុវត្តអនុក្រឹត្យនៃការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលប្រកាសនេះគឺរៀបចំឡើងក្នុងគោលបំណងល្អ គឺចង់ឱ្យបងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចចុះឈ្មោះដោយស្ម័គ្រចិត្ត ដើម្បីអាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលនឹងផ្តល់ជូន ដូចជាការបណ្តុះបណ្តាលបង្កើនសមត្ថភាពផ្សេងៗ ដោយមិនមានជាប់កាតព្វកិច្ចពន្ធអ្វីទាំងអស់។ ប៉ុន្តែយ៉ាងនេះក្តី ការដាក់ចេញនូវប្រកាសនេះ បែរជាមានការយល់ច្រលំពីបងប្អូនអ្នកប្រកបរបរក្រៅប្រព័ន្ធ ដោយព្រួយបារម្ភថា ការចុះឈ្មោះនេះ នឹងនាំឱ្យមានការតម្រូវឱ្យបង់ពន្ធឬផាកពន្ធទៅថ្ងៃក្រោយ។
សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះបន្តថា «ដើម្បីកុំឱ្យមានការយល់ច្រលំ ខ្ញុំបានផ្តល់គោលការណ៍ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការនិរាករណ៍នូវប្រកាសនេះ ហើយពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ថាតើយើងមានវិធីសាស្រ្តណាដើម្បីអាចឱ្យបងប្អូននៅក្នុងវិស័យក្រៅប្រព័ន្ធអាចចូលរួមនៅក្នុងការទទួលផលនៃកម្មវិធីនយោបាយ ដែលយើងបានដាក់ចេញជូនទៅដល់ពួកគាត់ ព្រោះជាទូទៅយើងអាចកំណត់បានអត្តសញ្ញាណ ទើបយើងអាចជួយត្រូវ ហើយអាចជួយចំគោលដៅតែម្តង។ អ៊ីចឹងដើម្បីកុំឱ្យមានមន្ទិលសង្ស័យឬការភ័យបារម្ភ ឬមួយក៏មានការយកទៅបកស្រាយផ្សេងៗដែលខុសន័យដើមនៃប្រកាសនេះ ដែលអាចនាំឱ្យមានការយល់ច្រលំ និងការភិតភ័យរបស់ប្រជាពលរដ្ឋជាពិសេសអាជីវករខ្នាតតូច និងក្រៅប្រព័ន្ធ គឺនរាករណ៍ចោលតែម្តង។ ហើយខ្ញុំសូមប្រកាសដោយខ្លីថា បងប្អូនអាជីវកម្មដែលមានចំណូលដុលក្រោម២៥០លានរៀល ដែលយើងគិតថាខ្នាតមីក្រូ មិនមានកាតព្វកិច្ចបង់ពន្ធអ្វីទាំងអស់ ពោលគឺមិនចាំបាច់ចុះប៉ាត់តង់ ហើយមិនប្រកាសពន្ធអ្វីទេ»
ជាមួយគ្នានេះ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបន្តលើកលែងការធ្វើសវនកម្មដល់កន្លែងសម្រាប់អ្នកជាប់ពន្ធតូចទាំងក្នុងអំឡុងពេលធ្វើប្រតិបត្តិការអាជីវកម្មធម្មតា និងទាំងក្នុងពេលស្នើសុំបិទអាជីវកម្មផងដែរ៕