(ភ្នំពេញ)៖ ថ្ងៃទី២២ ខែសីហាឆ្នាំ២០២៤នេះ ជាខួបមួយឆ្នាំគត់នៃការបង្កើតរដ្ឋសភានិងរាជរដ្ឋាភិបាល នីតិកាលទី៧។ រដ្ឋសភាអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេ បានកាន់តួនាទីដឹកនាំស្ថាប័ននីតិប្បញ្ញត្តិមួយនៅកម្ពុជា។ ស្ថាប័ននីតិប្បញ្ញត្តិមានពីរថ្នាក់គឺ ព្រឹទ្ធសភា និងរដ្ឋសភា។
ក្នុងនាមប្រធានស្ថាប័នដែលកើតចេញពីការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ សម្តេចប្រធានរដ្ឋសភា បានជំរុញនិងលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាទំាងអស់ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយភាពអង់អាចស្វាហាប់ មនសិការនិងការទទួលខុសត្រូវខ្ពស់ ដោយយកប្រជាពលរដ្ឋជាធំ។
សមិទ្ធផលសំខាន់ៗដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ជាទីមោទនៈរបស់ពលរដ្ឋគ្រប់រូប។ រដ្ឋសភាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម ដើម្បីធានាបាននូវការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋ តាមរយៈការអនុម័តច្បាប់និងកិច្ចព្រមព្រៀងនានាស្របតាមតម្រូវការជាក់ស្តែងនិងការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលជាឥស្សរជនបន្តវេនវ័យក្មេងប្រកបដោយសមត្ថភាព ថាមពល និងសីលធម៌ មានចក្ខុវិស័យច្បាស់លាស់វែងឆ្ងាយ បន្តបេសកកម្មដឹកនាំពីសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០កម្ពុជាប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សមិទ្ធផលដ៏ធំធេងដែលរដ្ឋសភាសម្រេចបាននាពេលនេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន ដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលមានមុខងារស្នូលដូចជា មុខងារនីតិកម្ម មុខងារភាពជាតំណាងប្រជាពលរដ្ឋ និងមុខងារតាមដានការអនុវត្តច្បាប់ ព្រមទំាងការងារការទូតសភា។
ការងារនីតិកម្ម
ការងារនីតិកម្ម រដ្ឋសភាបានពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ និងសេចក្តីស្នើច្បាប់សំខាន់ៗនិងចំាបាច់នានាជាច្រើន ដែលជាមូលដ្ឋានគ្រឹះនៃការធានាយុត្តិធម៌សង្គម ស្ថិរភាពនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ច្បាប់ដែលរដ្ឋសភាបានអនុម័ត ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង ពិសេសដើម្បីលើកកម្ពស់ជីវភាព សុខមាភាពសង្គម ពង្រឹងវិស័យអប់រំ សុខាភិបាល ទាក់ទាញការវិនិយោគ ជាដើម មានដូចជា៖ មានច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ជាដើម។
សេចក្តីព្រាងច្បាប់ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័ត ឆ្លើយតបទៅនឹងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ។
ការតាមដានការអនុវត្តច្បាប់
នៅក្នុងមុខងារតាមដានការអនុវត្តច្បាប់ រដ្ឋសភាបានបង្កើនកិច្ចសហប្រតិបត្តិការ យ៉ាងស្អិតល្មួតជាមួយរាជរដ្ឋាភិបាល ក្រសួងស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីសិក្សាឈ្វែងយល់ពីគ្នាទៅវិញទៅមកលើការអនុវត្តច្បាប់ទំាងឡាយ ដែលរដ្ឋសភាបានអនុម័ត ថាតើមានប្រសិទ្ធភាពយ៉ាងណាឬមានការខ្វះចន្លោះអ្វីខ្លះ។ នៅក្នុងការបំពេញតូនាទីតាមដានត្រួតពិនិត្យនេះ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន នៃរាជរដ្ឋាភិបាល ជាច្រើនបានអញ្ជើញមកពិភាក្សាជាមួយគណៈកម្មការជំនាញរបស់រដ្ឋសភា។ ជាមួយគ្នានេះ គណៈកម្មការជំនាញរបស់រដ្ឋសភាទំាង១០វិញ ក៏បានធ្វើដំណើរចុះជួប តួអង្គអនុវត្តច្បាប់ដោយផ្ទាល់តាមខេត្តក្រុង ក្រសួងស្ថាប័ន ទូទំាងប្រទេស ថែមទៀត។
ចំណែកនៅក្នុងតួនាទីភាពជាតំណាងប្រជាពលរដ្ឋវិញ គឺថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកសមាជិកាទំាងអស់ បានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត រួមសហការជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាប់ជាប្រចាំដើម្បីយល់ដឹងពីសុខទុក្ខនិងតម្រូវការពិតប្រាកដរបស់ម្ចាស់ឆ្នោត ។ ទុក្ខកង្វល់និងតម្រូវរបស់ប្រជាពលរដ្ឋ ត្រូវបានពាំនាំដាក់ជូនប្រធានរដ្ឋសភា ដើម្បីធ្វើការអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាលធ្វើការដោះស្រាយ។ រដ្ឋសភាក៏មានគណៈកម្មការសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងដើម្បីទទួលពាក្យបណ្តឹង សំណូមពរ របស់ប្រជាពលរដ្ឋ។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ គណៈកម្មការជំនាញបានចាត់វិធានតាមនីតិវិធីនិងតាមយន្តការរដ្ឋសភាភ្លាមៗ។
នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា «ទីណាមានទុក្ខទីនោះមានមុខតំណាងរាស្រ្ត»។ មែនទែនទៅ ការផ្សារភ្ជាប់ជាមួយពលរដ្ឋជាវប្បធម៌ដ៏ល្អមួយ របស់គណបក្សដែលតែងតែឈ្នះឆ្នោត បានប្រកាន់យកតំាងពីដើមរៀងមក។ គ្មានពេលណាមួយ ដែលសម្តេចតេជោ ហ៊ុន សែន រត់ចោលប្រជាពលរដ្ឋខ្មែរនោះទេ។
ការងារការទូតសភា
ចំពោះការងារការទូតសភាវិញ នៅក្នុងរយៈពេលមួយឆ្នាំមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជូបពិភាក្សាការងារជាមួយ ជាមួយភ្ញៀវជាតិ ភ្ញៀវអន្តជាតិ ជាពិសេសភ្ញៀវអន្តរជាតិ សម្តេចបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការជួបប្រាស័យទាក់ទង ពិភាក្សាការងារ មានឯកអគ្គរដ្ឋទូតឬរាជទូតពីបណ្តាប្រទេសនានាជាមិត្ត គណៈប្រតិភូ ប្រមុខរដ្ឋាភិបាល រដ្ឋសភានៃបណ្តាប្រទេសជាមិត្ត ។ល។ នៅរាល់ជំនួបនិងកិច្ចពិភាក្សាការងារទំាងនោះ គឺនៅក្នុងបុព្វហេតុតែមួយគត់ ស្វែងរកផលប្រយោជន៍ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ តាមរយៈការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទំាងក្រមខណ្ឌទ្វេភាគី និងពហុភាគី ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនឹងជំរុញដល់វិស័យជាច្រើនមានទេសចរណ៍ ការអប់រំបណ្តុះបណ្តាល កសិកម្ម វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ជាដើម។
រដ្ឋសភាកម្ពុជាពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី។ ការទូតសភាដើរតួនាទីកាន់តែសំខាន់ឡើង នៅក្នុងការការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា។ នៅក្នុងន័យនេះហើយបានជានៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានធ្វើដំណើរបំពេញទស្សនកិច្ចមុនគេក្រោយរដ្ឋសភានីតិកាលទី៧ បានបង្កើតឡើង ដូចជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសថៃ ជាប្រទេសជាប់ភូមិផងរបងកម្ពុជា និងមានទំនាក់ទំនងជាប្រពៃណី អ្នកជិតខាងល្អ តំាងពីយូរលង់ណាស់មកហើយ។
នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសឡាវ សម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា សមាជិកសមាជិការាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ដែលពាក់ព័ន្ធ ទៅចូលរួមជំនួបកំពូលលើកទី១ ប្រធានរដ្ឋសភាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលសភា (CLV) គឺជាយន្តការមួយនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា ឡាវនិងវៀតណាម ដើម្បីតាមដាននិងគំាទ្រដល់ការអភិវឌ្ឍន៍នៅតំបន់(CLV) ក្នុងការប្រែក្លាយព្រំដែនប្រទេសទំាងបី ជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍។
ក្រោយពីបានបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសជិតខាងរួចហើយ សម្តេចរដ្ឋសភាធិបតី បានបន្តបំពេញទស្សនកិច្ចនៅប្រទេសបារំាង កាលពីដើមឆ្នាំ២០២៤។ នៅបារំាង សម្តេចក៏បានចូលរួមក្នុងវេទិកាសភា ដែលមានសុទ្ធតែថ្នាក់ដឹកនាំជាស្រ្តី មកពី២៥ប្រទេសនៅជុំវិញពិភពលោកបានចូលរួម។
សរុបសេចក្តីមក បេសកកម្មរបស់ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាទំាងអស់ នៅក្នុងរយៈពេលមួយឆ្នាំមកនេះ គឺដើម្បីបម្រើបុព្វហេតុប្រជាពលរដ្ឋនិងប្រទេសជាតិសុទ្ធសាធ។ គ្រប់សកម្មភាពនិងការងាររបស់រដ្ឋសភា ទំាងក្នុងនិងក្រៅប្រទេសគឺយកពលរដ្ឋជាស្នូល។ ដូចពាក្យ ដែលពលរដ្ឋបានដឹងឮកន្លងមកហើយថា «រដ្ឋសភាកើតចេញពីរាស្រ្តដើម្បីបម្រើរាស្រ្ត»៕