(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា ពេញមួយឆ្នាំមកនេះក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងអាណត្តិទី៧នេះ កម្ពុជាទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាមួយនឹងសមិទ្ធផលល្អៗ និងមានកំណើនលើគ្រប់វិស័យគួរជាទីគាប់ចិត្ត។
តាមរយៈសារលិខិតអបអរសាទរ ខួប ១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លោក សួន សេរីរដ្ឋា បានបញ្ជាក់ទៀតថា ជោគជ័យដ៏ត្រចះត្រចង់នេះមានដូចជា៖ រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម, រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា រក្សាបានកម្លាំងទិញនៃប្រាក់រៀល, រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ, ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្ត មិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ទៀតថា ស្ថិតក្រោមបរិយាកាសនយោបាយ សន្តិភាព ព្រមទាំងរក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងទទួលយកបានពីប្រជាពលរដ្ឋគ្រប់រូប ការទទួលនូវភារកិច្ចជាប្រមុខដឹកនាំ នៃស្ថាប័នអង្គនីតិប្រតិបត្តិ គឺជាមោទនភាពដ៏គួរឲ្យស្ញប់ស្ញែងសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលទទួលបានសមិទ្ធផលល្អ មានកំណើនលើគ្រប់វិស័យជាទីគាប់ចិត្ត។
លោក សួន សេរីរដ្ឋា បានបន្ថែមថា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីគឺជាយុវជនជំនាន់ថ្មី និងជាឥស្សជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ប្រកបដោយភាព ឈ្លាសវៃ គតិបណ្ឌិត និងពិតជាស័ក្តិសមបំផុត ចំពោះតួនាទីដ៏ឧត្តុងឧត្តមនេះ និងបន្តដឹកនាំកម្ពុជាការពារបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពសង្គម ការលើកកម្ពស់កិត្យានុភាពជាតិ ភាពសុខដុមរមនា វិបុលភាព វឌ្ឍនភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃ «សន្តិភាព» និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។
តាំងនាម សមាជិក-សមាជិកាវេទិកាសន្តិភាពកម្ពុជា សូមប្តេជ្ញាគាំទ្រតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ដែលឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកចិត្ត និងការជឿជាក់របស់ប្រជាពលរដ្ឋ ព្រមទាំងបន្តថែរក្សា ការពារសន្តិភាព និរន្តរភាព ស្ថេរភាព សន្តិសុខកាន់តែរឹងមាំ ជាអចិន្ត្រៃយ៍និងធ្វើឱ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយក្រោម ម្លប់សន្តិភាព ៕