(សិង្ហបុរី)៖ លោក បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានចូលរួមកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសសិង្ហបុរី។
នៅព្រឹកថ្ងៃទី២៣ ខែសីហា លោកបណ្ឌិត កៅ គឹមហួន បានថ្លែងសន្ទរកថាក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ឆ្នាំ២០២៤។ SPDDM គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រប្រចាំឆ្នាំ នៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដែលរៀបចំដោយប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០១៥ មក ហើយសហការរៀបចំដោយកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ SPDDM ឆ្នាំ២០២៤ បានផ្លាស់ប្តូរទស្សនៈ និងបានពិភាក្សាលម្អិតលើគំនិតសម្លឹងមើលទៅមុខ សម្រាប់យុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងដំណោះស្រាយគ្រោះមហន្តរាយដឹកនាំដោយសហគមន៍ ដែលចាក់គ្រឹះនៅក្នុងគោលការណ៍យកប្រជាជនជាស្នូល និងផ្តោតលើប្រជាជន ដើម្បីពង្រឹងបរិយាប័ន្ន និងបង្កើតភាពធន់នៅក្នុងតំបន់ តាមរយៈវិធីសាស្ត្រដែលមានផ្នែកពាក់ព័ន្ធជាច្រើន។
បន្ទាប់មក លោកអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Barry Desker នៃមហាវិទ្យាល័យសិក្សាអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យ Nanyang Technological University។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហានានា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ានប្រកបដោយបរិយាប័ន្នជាដើម។
ក្នុងឱកាសចូលរួមកិច្ចពិភាក្សាគោលនយោបាយយុទ្ធាសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Kishore Mahbubani ពីវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធអាស៊ាន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងពិភពលោក៕