(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា ដែលមានលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានជូនដំណឹង ស្តីពីការចុះឈ្មោះ និងដាក់ពាក្យចូលជាសមាជិកសមាគមឧកញ៉ាកម្ពុជា។
សេចក្តីជូនដំណឹង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមប្រធានសមាគមឧកញ៉ាកម្ពុជា ខ្ញុំបាទមានកិត្តិយស សូមជម្រាបជូនគោរមវន្តទាំងអស់ដែលមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនូវអនុក្រឹត្យ ស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ក្នុងពេលដ៏ខ្លីខាងមុខនេះ»។
ឆ្លៀតក្នុងឱកាសដ៏សំខាន់នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានអញ្ជើញគោរមវន្ត ដែលមិនទាន់បានចុះឈ្មោះចូលជា សមាជិកសមាគមឧកញ៉ាកម្ពុជានៅឡើយ រួសរាន់ទាក់ទងអគ្គលេខាធិការដ្ឋាន នៅរៀងរាល់ម៉ោងធ្វើការ សាកសួរព័ត៌មានបន្ថែម និងចុះឈ្មោះចូលជាសមាជិកចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕