(ភ្នំពេញ)៖ នៅក្នុងនាមជាអតីតសមាជិកក្រុមប្រឆាំង ហើយថែមទាំងជាអ្នកដែលបានរៀបចំសេណារីយ៉ូនូវសកម្មភាពផ្សេងៗក្នុងនោះរួមទាំងមហាបាតុកម្ម នៅក្នុងឆ្នាំ២០១៣ ជាមួយនឹងសកម្មភាពញុះញង់ជាច្រើនទៀតអ្នកនាង បូរិទ្ធិ ច័ន្ទវឌ្ឍនា អតីតយុវតីបក្សប្រឆាំង អំពាវនាវឱ្យយុវជនគួរដកខ្លួនចេញពីក្រុមឧទ្ទាមក្រៅច្បាប់ និងឈប់លង់ជឿមនោគមន៍វិជ្ជាជ្រុលនិយមពីមេដឹកនាំក្រុមឧទ្ទាមក្រៅប្រទេស ដូចអ្វីដែលអ្នកនាងធ្លាប់ខុសនាពេលកន្លងមក។
បើតាមបទសម្ភាសជាមួយ Fresh News, អ្នកនាងបានបញ្ជាក់ថា រយៈពេល៤ឆ្នាំ ក្នុងការធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បានធ្វើឲ្យយុវតីរូបនេះ មានការស្ដាយក្រោយយ៉ាងខ្លាំង ស្ដាយក្រោយដែលលះបង់ពេលវេលាផ្ទាល់ខ្លួន ក្រុមគ្រួសារ និងការសិក្សាខ្លួន ទៅបម្រើឱ្យជនដែលចង់ទាញប្រទេសកម្ពុជាធ្លាក់ចូលក្នុងបដិវត្តន៍ និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនជាជាងផលប្រយោជន៍ជាតិ។
អ្វីដែលនាំឱ្យយុវតីរូបនេះ កាន់តែស្ដាយក្រោយខ្លាំងថែមទៀតនោះ គឺទឹកចិត្តដ៏មហាសណ្ដោសប្រណីអាណិត និងការផ្ដល់ឱកាសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមិនត្រឹមតែមិនចាប់ទោសអូសដំណើរលើកំហុសឆ្គងរបស់អ្នកនាងនាពេលកន្លងមកនោះទេ តែថែមទាំងផ្ដល់ឱកាសឱ្យអតីតអ្នកប្រឆាំងបក្សរបស់ខ្លួនរូបនេះ បានចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជាផងដែរ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសទាំងស្រុងដូចតទៅ៖