(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤» ជូនដល់ប្រធាន អនុប្រធាន និងអ្នកបច្ចេកទេសកុំព្យូទ័រនៃលេខាធិការដ្ឋានក្រុង/ស្រុក និងតំណាងគណបក្សនយោបាយ។

ក្នុងវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោកអភិបាលខេត្ត និងលោក ហង់ កុង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង និងលោក ម៉ៅ ពិសេស អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល អប់រំអ្នកបោះឆ្នោត។

លោក ហង់ កុង បានថ្លែងថា ការចុះឈ្មោះបោះឆ្នោត គឺជាដំណាក់កាលដំបូង និងមានសារៈសំខាន់ណាស់ ព្រោះបញ្ជីបោះឆ្នោត គឺជាតម្រូវការចាំបាច់ មិនអាចខ្វះបាន ហេតុនេះហើយទើប គ.ជ.ប ត្រូវយកចិត្តទុកដាក់អនុវត្តការងារនេះឲ្យបានល្អ ដើម្បីធានាសិទ្ធិបោះឆ្នោតជូនដល់ប្រជាពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតជាធរមាន សំដៅរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

លោកបានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ គ.ជ.ប មានគោលបំណងធ្វើយ៉ាងណាធានាឲ្យបញ្ជីបោះឆ្នោត មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព តាមរយៈ៖

*១៖ អ្នកមកសុំចុះឈ្មោះបោះឆ្នោត៖
- ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុ១៨ឆ្នាំឡើងទៅ
- ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។

*២៖អ្នកមកស្នើសុំធ្វើបច្ចុប្បន្នភាព៖
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតកត់ត្រាមិនត្រឹមត្រូវ
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត រួចហើយ ប៉ុន្តែស្នើសុំប្តូរការិយាល័យពីភូមិមួយទៅភូមិមួយទៀតក្នុងឃុំ សង្កាត់ដដែល ឬសុំប្តូរពីការិយាល័យមួយទៅការិយាល័យមួយទៀតក្នុងភូមិតែមួយ
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលបានទទួលមរណភាព ហើយត្រូវបានសមាជិកគ្រួសាររាយការណ៍ផ្ទាល់ជូនក្រុមចុះឈ្មោះបោះឆ្នោត ដោយភ្ជាប់មកជាមួយឯកសារត្រឹមត្រូវ និងច្បាស់លាស់ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ បន្ទាប់មកក្រុមចុះឈ្មោះបោះឆ្នោតត្រូវរាយការណ៍ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីអនុវត្តនីតិវិធីស្រង់ឈ្មោះដាក់នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត
- ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ប្រភេទចាស់ដែលហួសសុពលភាព ឬ/និងឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) ក្នុងការសុំចុះឈ្មោះបោះឆ្នោតនាឆ្នាំកន្លងទៅ បានមកស្នើសុំធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរបស់ខ្លួន។

ជាចុងក្រោយ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្តុះបណ្តាល ដែលមានរយៈពេល២ថ្ងៃនេះ និងបានថ្លែងអំណរអរគុណចំនួន លោកគ្រូឧទិ្ទស ដែលបានបណ្តុះបណ្តាលដល់សិក្ខាកាម ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕