(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងមន្ត្រីទាំងអស់ បានរួមសាមគ្គីគ្នាខិតខំបំពេញការងារក្នុងបុព្វហេតុរួម ដើម្បីប្រយោជន៍រួម ស្ថិតនៅក្រោមដំបូល«ក្រសួងព័ត៌មាន» ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។
ការថ្លែងកោតសរសើរ និងថ្លែងអំណរគុណរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំរបស់ក្រសួងព័ត៌មាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានថ្លែងថា ការកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការទាំងអស់ ក្នុងរយៈពេល១ឆ្នាំនេះ ទទួលបានលទ្ធផលជាផ្លាផ្កា និងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការងារពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន សន្តិសុខព័ត៌មាន និងការផ្តល់នូវសុវត្ថិភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន។
លោកបានលើកឡើងថារយៈពេលមួយឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នៃរដ្ឋសភា, ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋក្នុងវិស័យព័ត៌មាននិងសោតទស្សន៍។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល១ឆ្នាំនេះ ជាឆ្នាំដំបូងឆ្លងកាត់នូវវិញ្ញាសារដ៏លំបាកៗជាច្រើន ចំពោះមុខនៃស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបញ្ញាសិប្បនិមិត្ត ដែលចាំបាច់ត្រូវបន្ស៊ាំខ្លួននឹងការផ្លាស់ប្តូរស្ថានភាព ទាំងផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់ពេលវេលាទាំងអស់។
ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុត សម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្នុងនោះគុណព័ត៌មានត្រូវតែយកចិត្តទុកដាក់។
លោករដ្ឋមន្ត្រី បានបន្ថែមថា ជាមួយនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដោយមានការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការព្រមទាំងមានកិច្ចសហការ ល្អរវាងប្រព័ន្ធផ្សព្វផ្សាយជាតិ និងវិស័យឯកជនធ្វើឱ្យក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលយ៉ាងជាច្រើនសម្រាប់រយៈពេល១ឆ្នាំ នៃដំណើរការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕